(ភ្នំពេញ)៖ ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០១៧នេះ អ្នកជំងឺភ្នែក ចំនួន១៥៥,៣៣៨នាក់ ដែលមកទទួលសេវាពិនិត្យព្យាបាលភ្នែក នៅតាមបណ្ដាមន្ទីរពេទ្យរដ្ឋ នៅទូទាំងប្រទេស ដែលចំនួននេះមានការកើនឡើង ជាងឆ្នាំ២០១៥-២០១៦ កន្លងទៅ។ នេះបើតាមការលើកឡើង របស់នាយកកម្មវិធីជាតិសុខភាពភ្នែកនៃក្រសួងសុខាភិបាល និងជាប្រធានមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត លោក សាស្ត្រាចារ្យ ងី ម៉េង ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧នេះ។

លោកបានថ្លែងបន្ដថា «អ្នកជំងឺភ្នែកជិត១៦ម៉ឺននាក់នេះ គឺមានទាំងអ្នកជំងឺភ្នែកឡើងបាយ ជំងឺកន្ទុយថ្លែនភ្នែក ពិការភ្នែក និងគំហើញ ដែលមានកើនឡើងជាងឆ្នាំមុនៗ ហើយបើនិយាយជាសរុប ក្នុងរយៈពេលមួយឆ្នាំ២០១៦កន្លងទៅ គឺមានអ្នកជំងឺភ្នែកត្រឹមតែ ២៨៨,៥២៥នាក់ប៉ុណ្ណោះ ក្នុងនោះអ្នកវះកាត់ភ្នែក សរុប៤៥,៩៣២នាក់ ។ដូច្នេះយើងបានសហការួមគ្នាជាមួយ មូលនិធិហ្រ្វេតហូឡូ បានរៀបចំសិក្ខាសាលា កាលពីចុងខែកញ្ញានេះរួចមកហើយ ដើម្បីបង្ហាញលទ្ធផល រយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ និងរៀបចំផែនការបន្ត ក្នុងការថែទាំសុខភាពភ្នែក និងកាត់បន្ថយភាពពិការភ្នែក របស់ប្រជាពលរដ្ឋនៅកម្ពុជា ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យ អេង ហួត រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល»។

គួរបញ្ជាក់ថា ក្នុងលទ្ធផលសម្រាប់ឆមាសទី១ ឆ្នាំ២០១៧ នេះ កម្មវិធីជាតិសុខភាពភ្នែក នៃក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ បានសម្រេចសមិទ្ធផលដូចជា៖

*វិសយ័ធនធានមនុស្ស សហការជាសកលវិទ្យាសាស្រ្តសុខាភិបាល បាននិងកំពុងបន្តការបណ្តុះបណ្តាលឯកទេសចក្ខុសាស្រ្តដូចជា ចក្ខុបណ្ឌិត ចក្ខុគិលានុប្ប និង ចក្ខុមាត្រការី។

*ពង្រឹកការធ្វើរផែនការ និងការអនុវត្តកម្មវិធីសុខភាពភ្នែកនៅថ្នាក់ក្រោមជាតិរហូតដល់មូលដ្ឋាន ក្នុងខេត្តគោលដៅសាកល្បងចំនួន៣ ដើម្បីធានាឲ្យបាន នូវការផ្តល់សេវាភ្នែក នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងមន្ទីរពេទ្យខេត្ត ។បង្កើតក្រុមការងារបច្ចេកទេសសុខភាពភ្នែក នៅតាមបណ្តាខេត្តដើម្បីជួយគាំទ្រដល់ការអនុវត្តផែនការ ដូចជាដាក់បញ្ចូលផែនការភ្នែកក្នុងផែនការប្រចាំឆ្នាំរបស់ស្រុកប្រតិបត្ត និងមន្ទីរសុខាភិបាលខេត្ត។

*ផ្តល់ការគាំទ្រ ដល់ការវះកាត់ស្តារគំហើញ ដល់ប្រជាជនក្រីក្ររ ក្នុងខេត្តគោលដៅចំនួន៩ និង២មន្ទីរពេទ្យ នៅរាជធានីភ្នំពេញ។

*សហការជា អន្តរក្រសួង៖ ក្រសួងអប់រំយុវជននិងកីឡា តាមរយៈនាយកដ្ឋានសុខភាពសិក្សា បាននិងកំពុងចូលរួមក្នុងដាក់បញ្ចូលការអប់រំ និងបង្ការជំងឺ និងរបួសភ្នែកផ្សេងៗ ទៅក្នុងកម្មវិធីសិក្សា ពីបឋមដល់អនុវិទ្យាល័យ ។ក្រសួងកិច្ចការនារី តាមរយៈ នាយកដ្ឋានសុខភាព និងស្រ្តី បាននិងកំពុងចូលរួមធ្វើរ ការអប់រំផ្សព្ធផ្សាយពីការថែទាំនិងការពារជំងឺភ្នែក ការស្វែងរកសេវាភ្នែកតាមមូលដ្ឋាន ក៏ដូចជាបង្កើនការយល់ដឹងក្នុងសហគមន៍ពីបញ្ហាយ៉ែនឌ័រ ដើម្បីរចូលរួមលើកកម្ពស់ និងជំរុញអោយស្រ្តីនិងក្មេងស្រីមកចូលរួមក្នុងការមកប្រើប្រាស់ និងទទួលយកសេវាថែទាំភ្នែក ឲ្យបានកាន់ប្រសើរ៕