(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ បានចេញដីកាឃុំខ្លួន គ្រូហោរ៉ា អគ្គីនេត្រ ដាក់ពន្ធនាគាព្រៃសជាបណ្តោះអាសន្នហើយ រង់ចាំបើកការស៊ើបអង្គេតបន្ថែមនៅពេលក្រោយ។ នេះបើយោងតាមមន្រ្តីតុលាការបានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧នេះ។
សូមបញ្ជាក់ថា ជនជាប់ចោទមានឈ្មោះ វ៉ាន់ សុខសីហា ដែលឈ្មោះហៅក្រៅ ពិសេសមជ្ឈដ្ឋានទូទៅស្គាល់ថាឈ្មោះ គ្រូហោរ៉ា អគ្គីនេត្រ ដែលជាវេទមន្តក្លែងក្លាយកាប់មិនមុតដុតមិនឆេះ អាយុ២១ឆ្នាំ មានទីលំនៅ ផ្ទះគ្មានលេខ ស្ថិតក្រោយវិទ្យាល័យជាស៊ីមសាមគ្គី ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនជាប់ចោទរូបនេះ ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក កុល ប៊ុន សម្រេចធ្វើការចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
គួរបញ្ជាក់ថា ជនរូបនេះ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យ «ក៦» នៃមន្ទីរប្រឆាំងគ្រឿងញៀន ធ្វើការចាប់ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចខាងក្រោយវិទ្យាល័យជាស៊ីមសាមគ្គី ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ក្នុងការឃាត់ខ្លួន សមត្ថកិច្ចធ្វើការដកហូត បានថ្នាំញៀន មេតំហ្វេតាមីន ឬហៅថាម៉ាទឹកកក ចំនួន២កញ្ចប់ធំល្មម ដែលមានទម្ងន់ស្មើនឹង ២.៦៨ក្រាម៕