(កណ្តាល)៖ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា នៅវេលាម៉ោង១០៖១៥នាទីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលប៉ុស្តិ៍របស់លោក បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន២គ្រាប់ នៅចំណុចជិតផ្លូវ១១៥ ភូមិព្រែករាំង សង្កាត់កំពង់ណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើតាមលោកស្នងការ គ្រាប់មិនទាន់ផ្ទុះទាំង២គ្រាប់នេះ ជាប្រភេទគ្រាប់ផ្លោង១០៥មីល្លីម៉ែត្រ។ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានបន្តទៀតថា «ដោយបានទទួលព័ត៌មានរួច កម្លាំងជំនាញអធិការដ្ឋានចុះទៅដល់កន្លែងគ្រាប់ ដាក់សញ្ញាខ្សែសុវត្ថិភាពចងហ៊ុព័ទ្ធការពារ និងប្រាប់ប្រជាជនមិនឲ្យទៅក្បែរប៉ះពាល់ឡើយ»។
លោកថា មូលហេតុប្រទះឃើញគ្រាប់ទាំងនេះ នៅពេលមានការស្តារប្រឡាយទឹក តាមផ្លូវ១១៥ ក៏ប្រទះឃើញតែម្តង៕