(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានចេញបង្ក្រាបក្រុមចោរឆក់ចំនួន៣នាក់ បានភ្លាមៗ បន្ទាប់ពីពួកគេបានធ្វើសកម្មភាព ដោយឆក់កាបូបពីស្រ្តីបុគ្គលិកនៅកាស៊ីណូម្នាក់ បានសម្រេច។

ការដេញបង្ក្រាបនេះ បានធ្វើឡើងក្នុងរយៈពេលតែ២០នាទីប៉ុណ្ណោះ បន្ទាប់ពីមានប្រជាពលរដ្ឋ ស្រែកផ្អើលឆោឡោរ នៅល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវសាធារណៈ នៅចំណុចឧតុនិយម ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។

ជនសង្ស័យទាំង៣នាក់ បានជិះម៉ូតូសេ១២៥ សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ បានឆក់កាបូបជនរងគ្រោះ ដែលកំពុងជិះម៉ូតូម៉ាកអ៊ែរប្លែត បានសម្រេចហើយជិះគេចម៉ូតូយ៉ាងលឿន។
ស្នងការរងនគរបាលខេត្តលោកឧត្តមសេនីយ៍ត្រី កុល ផល្លី បានបញ្ជាក់ថា «ខណៈនោះកម្លាំងយើង បានទទួលបទបញ្ជារបស់លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ហើយកម្លាំងជំនាញចំណុះស្នងការ កម្លាំងអធិការនគរបាលក្រុង និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤ បានសហការគ្នា ប្រដេញដោយម៉ូតូ និងស្ទាក់ចាប់បានជនសង្ស័យ (បង្ក្រាបបានទាំងស្រុង រយៈពេល២០នាទី)។

បើតាមលោក កុល ផល្លី ជនរងគ្រោះឈ្មោះ ខុន ពិសី ភេទស្រី អាយុ២១ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ យ៉ាឌួលី មានទីលំនៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ។ សំភារៈដែលក្រុមចោរទាំងនេះបានឆក់ រួមមាន៖ កាបូបពណ៌ខ្មៅ ចំនួន១, ទូរស័ព្ទដៃម៉ាក i-Phone 6 plus ១គ្រឿង និងលុយ២,២០០រៀល។

ដោយឡែកជនសង្ស័យវិញរួមមាន៖ ទី១ឈ្មោះ ង៉ាន ហាក់លី អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ៣ សង្កាត់២ (អ្នកបើកបរម៉ូតូ) ទី២ឈ្មោះ និត ម៉ាកណាក់ អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៥ សង្កាត់៣ ក្រុងព្រះសីហនុ (ជិះកណ្តាលអ្នកឆក់) និងទី៣ឈ្មោះ យ៉ុន សុវណ្ណយុទ្ធ អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅក្រុម៤៥ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ (ជិះពីក្រោយ សហចារី)។

វត្ថុតាងចាប់យកបានវិញរួមមាន៖ សម្ភាររបស់ជនរងគ្រោះ ហើយបានប្រគល់ឲ្យជនរងគ្រោះវិញហើយ។ សម្រាប់ម៉ូតូសេ១២៥ សេរីឆ្នាំ២០១៦ ពណ៍ខ្មៅ១គ្រឿង (ជាមធ្យោបាយធ្វើសកម្មភាព) កំពុងបន្តនិតិវិធីនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល៕