(កំពង់ស្ពឺ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) គ្រាប់បែកអាមេរិកមួយគ្រាប់ ប្រភេទ MK82 ដែលទម្លាក់ពីយន្តហោះអាមេរិក ត្រូវបានអាជ្ញាធរខេត្តកំពង់ស្ពឺ រកឃើញនោះ នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧នេះ ត្រូវបានក្រុមជំនាញស៊ីម៉ាក់ដោះបន្សាប និងដឹកជញ្ជូនចេញប្រកបដោយសុវត្ថិភាពហើយ។
គ្រាប់បែកទំលាក់ពីយន្តហោះអាមរិក ប្រភេទ MK82 ចំនួន១គ្រាប់ខាងលើនេះ ត្រូវបានអាជ្ញាធរខេត្តកំពង់ស្ពឺ រកឃើញនៅថ្ងៃ២៩ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ ពេជ្រ និល ត្រង់ចំណុចម្តុំលូបីអូរត្រាវ ភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា «លោកយាយម៉ៅពេជ្រនិល និងកូនចៅលោកយាយទាំងអស់ ផុតទុក្ខភ័យចំពោះគ្រាប់បែកទំលាក់ពីយន្តហោះប្រភេទ MK82 ! ចាប់ចងអូស និងសែង អញ្ជើញឡើងឡានហើយ បន្ទាប់ពីសំងំលាក់ខ្លួនជាង៤០ឆ្នាំ នៅមានសំរស់ស្រស់ស្អាតទៀត»។
សូមបញ្ជាក់ថា អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យត្រូវបានឯកភាពដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា តាមកំទេចពួកយៀកកុង យួនឈ្លានពាន ប៉ុន្តែស្លាប់តែខែ្មរជាង៥០០,០០០នាក់ សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺនកន្លែង៕