(ពោធិ៍សាត់)៖ ទីតាំងស្តុកឈើប្រណិត ប្រភេទធ្នង់មួយកន្លែង ដែលជ្រកក្នុងផ្ទះម្ចាស់ឈ្មោះ ហ៊ុល ស្រី ភេទស្រី ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ត្រូវបានកម្លាំងចម្រុះ រួមមាន៖ ខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ផ្នែករដ្ឋបាលព្រៃឈើវាលវែង សហការជាមួយអាវុធហត្ថផ្ទៃប្រទេស និងមូលដ្ឋានអាវុធហត្ថស្រុកវាលវែង ដឹកនាំដោយលោក ងី វីរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ បានចុះបង្រ្កាប នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧។

លោក ងី វីរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ បានឲ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានទីតាំងស្តុបឈើ ក្នុងទីតាំងកើតហេតុខាងលើ លោកក៍បានសុំគោលការណ៍ សហការចុះបង្រ្កាបភ្លាមៗផងដែរ។

លោកនាយខណ្ឌ បានឲ្យដឹងផងដែរថា លុះសមត្ថកិច្ចទៅដល់ទីតាំង ដោយសារតែម្ចាស់ដឹងខ្លួនទាន់ ក៏បានគេចខ្លួន មុនកម្លាំងចម្រុះទៅដល់ ដោយបន្សល់ទុកវត្ថុតាងឈើប្រណិង ប្រភេទធ្នង់ ចំនួន៣២៨ដុំ ស្មើនឹង៤៧២៨គីឡូក្រាម ត្រូវជា៣ម៉ែត្រត្រីគុណ៦៣៦។ បន្ទាប់ពីរឹបអូសបានវត្ថុតាង កម្លាំងចម្រុះ បានយកទៅរក្សារទុក ក្នុងខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់។

បើតាមសមត្ថកិច្ច ដែលចូលរួមក្នុងប្រតិបត្តិការនោះ បានឲ្យដឹងថា នៅមានទីតាំង និងករណីផ្សេងៗទៀត ដែលកម្លាំងចម្រុះកំពុងតែបន្ត៕