(សៀមរាប)៖ លោកបណ្ឌិត ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប និងជាប្រធានក្រុមការងារខេត្តចុះជួយក្រុងសៀមរាប នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧នេះ អញ្ចើញចូលរួមពិធីប្រគល់សេចក្តីសម្រេច ស្តីពីការកែសម្រួល និងតែងតាំងបន្ថែមសមាជិកក្រុមការងារគណបក្សចុះជួយតាមបណ្តាលភូមិ ក្នុងសង្កាត់ ទូទាំងក្រុងសៀមរាប ប្រមាណ៧០០នាក់។
លោកបណ្ឌិត ឃឹម ប៊ុនសុង បានណែនាំគោលការណ៍មួយចំនួន ដែលគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា បានដាក់ចុះក្នុងគោលដៅ ឆ្ពោះទៅកាន់ភាពជោគជ័យ ក្នុងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ក្រុមការងារគណបក្សចុះជួយភូមិ ចុះជួយសង្កាត់ ទូទាំងក្រុងសៀមរាប។
លោកបានគូសបញ្ជាក់ ចំពោះថ្នាក់ដឹកនាំក្រុមការងារចុះជួយភូមិ ត្រូវត្រួតពិនិត្យផែនការការងារ និងក្រើនរំលឹកឡើងវិញ អំពីផែនការកន្លងមក ព្រមទាំងលើកទិសដៅបន្ថែមសំដៅពង្រឹង និងជម្រុញការធ្វើបញ្ជីបច្ចុប្បន្នភាព លើសៀវភៅគ្រួសារបក្ស និងជម្រុញសមាជិកបក្សទាំងអស់ ដែលមិនទាន់បានទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ការក៏សាងសមាជិកបក្សក្នុងជួរយុវជន ។
លោក ឃឹម ប៊ុនសុង ក៏ស្នើឲ្យក្រុមការងារចុះជួយភូមិទាំងអស់ ត្រូវបន្តប្រពៃណី វប្បធម៌របស់គណបក្សប្រជាជនកម្ពុជា ដែលមានប្រជាប្រីយភាពជាយូលុងមកហើយនោះ គឺឲ្យស្ថិតនៅជាប់ជាមួយប្រជាជន គ្រប់កាលៈទេសៈ ព្រមទាំងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះសមាជិកខ្លួន ដែលជួបនូវការលំបាកក្នុងជីវភាពគ្រួសារ និងបន្តចុះសកម្មភាពអោយដល់ខ្នងផ្ទះ តាមមូលដ្ឋានភូមិរៀងៗខ្លួន៕