(កណ្ដាល)៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧នេះ ចុះជួបសំណេះសំណាល និងប្រគល់រង្វាន់លើកទឹកចិត្ត ដល់សិស្សាវិទ្យាល័យ​នៅ​ស្រុក​កោះធំ ដែលប្រឡងជាប់សញ្ញាប័ត្រទុតិយភូមិ (បាក់ឌុប) នៅសម័យប្រលងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ ដោយមានអ្នកចូលរួមប្រមាណ៣០០នាក់។

​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រគល់រង្វាន់លើកទឹកចិត្ត ដល់សិស្សដែលបានប្រឡងជាប់ទាំង​អស់ ក្នុងម្នាក់ៗទទួលបាន ទឹកប្រាក់​១០ម៉ឺនរៀល លោកគ្រូអ្នកគ្រូ១៥ម៉ឺន និងសិស្សដែលប្រឡង​ធ្លាក់ចំនួន៥ម៉ឺនរៀល ឯចំណែកសិស្សដែលប្រឡងជាប់និទ្ទេស A ម្នាក់ ទទួលបានម៉ូតូមួយគ្រឿង តបតាមការសន្យារបស់លោក។

លោកបានសម្តែងនូវសេចក្តីសោមនស្សរីករាយ និង​មានមោទនភាព​យ៉ាងអនេក ចំពោះការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងមាតាបិតាសិស្ស ដែលបានរួមគ្នាសម្រេចបាននូវភាពជោគជ័យដ៏ត្រចះត្រចង់នេះ ដែលទាំងនេះកើតចេញពី​ការខិតខំប្រឹងប្រែង​ រៀន​សូត្រ​របស់ពួកគេ សេចក្តីប៉ងប្រាថ្នាជាក់លាក់លើការសិក្សា រួមជាមួយការលើកទឹកចិត្តផ្សេងៗទៀត ដែនាំដល់ការទទួលបាននូវលទ្ធផលវិជ្ជមាន សម្រាប់សិស្សានុសិស្សទាំងអស់នេះ​។

លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីសារសំខាន់ នៃកត្តាសុខសន្តិភាព និងការ​អភិវឌ្ឍធនធានមនុស្ស ក្នុងការទាក់ទាញវិនិយោគិនបរទេស ឲ្យមកដាក់ទុក វិនិយោគនៅកម្ពុជា ដើម្បី​បង្កើតការងារធ្វើជូននិស្សិតដែលបានបញ្ចប់ការសិក្សា និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន។

ជាមួយគ្នានេះ លោកក៏បានផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាដល់ សិស្សានុសិស្សដែលបានប្រលងជាប់ជាស្ថាពរ ទៅសិក្សាក្នុងសាកលវិទ្យាល័យ២ គឺសាកលវិទ្យាល័យកម្ពុជា និងសាកលវិទ្យាបញ្ញាសាស្ត្រ ព្រមទាំងអាហារូបករណ៍ក្រៅប្រទេស នៅប្រទេសម៉ាឡេស៊ីផងដែរ ដែលនេះជាការផ្តល់ឱកាសឲ្យសិស្សានុសិស្ស បានបង្កើនចំណេះដឹង សមត្ថភាព និងជំនាញរបស់ខ្លួន ​ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាជួយសម្រួល បន្ទុកចំណាយរបស់មាតាបិតាសិស្ស​។

គួរបញ្ជាក់​ថា​ នៅក្នុងស្រុកកោះធំទាំងមូលមានសិស្សចំនួន៣១០នាក់ ដែលបានប្រឡងបាក់ឌុប ក្នុងចំណោម៦៥៩នាក់ បានប្រឡងជាប់ជាស្ថាពរ ដែលស្មើនឹង៤៧% នៃចំនួនសិស្សទាំងអស់នៅក្នុងស្រុកនេះ៕