(សៀមរាប)៖ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧នេះ អមដំណើរដោយថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទជាច្រើនរូប បានចូលគោរពវិញ្ញាណក្ខន្ធ បំពាក់ផ្កាកម្រង និងជូនសាររំលែកទុក្ខ ចំពោះក្រុមគ្រួសារនៃសពលោកតា វណ្ណ មូលីវណ្ណ ជាស្ថាបត្យករដ៏ល្បីល្បាញរបស់កម្ពុជា និងជាប្រធានទី១ នៃអាជ្ញាធរជាតិអប្សរា។
លោកស្រីរដ្ឋមន្ដ្រី បានថ្លែងថា មរណភាពរបស់ លោក វណ្ណ ម៉ូលីវណ្ណ គឺជាការបាត់បង់បិតា ជីតា ប្រកបដោយព្រហ្មវិហាធម៌ និងក៏ជាការបាត់បង់នូវធនធានមនុស្ស ដ៏សំខាន់ម្នាក់របស់ជាតិ។
សូមបញ្ជាក់ថា ស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជា លោក វណ្ណ មូលីវណ្ណ បានទទួលមរណភាព នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងជន្មាយុ៩១ឆ្នាំ នៅផ្ទះរបស់លោកតាមបណ្ដោយដងស្ទឹងសៀមរាប ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយសារតែស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ។
លោក វណ្ណ ម៉ូលីវណ្ណ គឺជាស្ថាបត្យករនាំមុខគេ និងបង្កើតស្នាដៃជាច្រើននៅក្នុងចលនាស្ថាបត្យកម្មខ្មែរថ្មីរបស់ប្រទេសកម្ពុជា។ លោក វណ្ណ ម៉ូលីវណ្ណ កើតក្នុងខេត្តកំពត នៅឆ្នាំ១៩២៦។ ក្នុងឆ្នាំ១៩៤៦ គាត់បានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង។
ស្នាដៃចំបងៗរបស់លោក វណ្ណ មូលីវណ្ណ រួមមាន៖ សាលសន្និសីទចតុមុខ, វិមានឯករាជ្យ, ពហុកីឡដ្ឋានជាតិអូឡាំពិក, សំណង់ «ផ្ទះ១០០» ដែលត្រូវបានសាងសង់ សម្រាប់បុគ្គលិកធនាគារជាតិកម្ពុជា ស្នាក់នៅ (១៩៦៥-១៩៦៧), វិមានរដ្ឋចំការមន, សាលមហោស្រពជាតិសុរាម្រឹត, អនុវិទ្យាល័យបណ្តុះបណ្តាលគ្រូបង្រៀន និងវិទ្យាស្ថានភាសាបរទេស ជាដើម៕