(ភ្នំពេញ)៖ ខណៈដែលបច្ចុប្បន្ននេះ វិស័យដីធ្លីកំពុងមានការអភិវឌ្ឍន៍ និងរីកចំរើនយ៉ាងខ្លាំង ហេតុដូច្នេះហើយទើបកម្ពុជា បានបើកឲ្យមានវិទ្យាស្ថានបណ្ដុះបណ្ដាលលើជំនាញនេះ ប៉ុន្ដែទោះបីជាកម្ពុជាមានវិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញនេះក្ដី ក៏អ្នកជំនាញវិស័យអចលនវត្ថុកម្ពុជាទាំងអស់ នៅតែបន្ដរៀបចំវេទិកា ចែករំលែកបទពិសោធន៍ ទៅដល់អ្នកជំនាន់ក្រោយ និងច្រើនជាងមុនបន្ថែមទៀត។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា។
ថ្លែងក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធី វេទិកាស្ដីពីវិធីសាស្រ្ដក្នុងការវាយតម្លៃអចលនវត្ថុនៅកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ លោកបណ្ឌិត គីម ហ៊ាង បានថ្លែងឲ្យដឹងថា «នៅពេលដែលកម្ពុជាមានវិទ្យាស្ថានដីធ្លីជាតិមួយហើយក៏ដោយ ហើយការបន្ដចែករំលែកបទពិសោធន៍ ទៅដល់អ្នកជំនាន់ក្រោយ គឺយើងនៅតែបន្ដធ្វើ និងធ្វើឲ្យបានកាន់តែច្រើនជាមុនថែមទៀត ... ១ឬ២ខែយើង នឹងរៀបចំកម្មវិធីទាកទងនឹងការវាយតម្លៃ ការលក់ និងកម្មវិធីផ្សេងៗទៀត»។
លោកបានបន្ដទៀតថា នៅពេលដែលកម្ពុជាមានវិទ្យាស្ថានដីធ្លី នោះយើងនឹងមានធនធានមនុស្សកាន់តែច្រើន នៅពេលដែលយើងចេះច្រើននោះបរទេសគេនឹងជួយយើងកាន់តែច្រើនដូចគ្នា មានន័យថា ការងារសមាគមមិនមែនសំដៅ តែលើការរកប្រាក់ចំណេញនោះឡើយ ប៉ុន្ដែផ្ដោតសំខាន់ឲ្យបុគ្គលិកចេះ សង្គមកាន់តែចេះ ហើយនៅពេលដែលសង្គមចេះ បុគ្គលិកចេះ សមាគមចេះមានន័យថាប្រទេសកម្ពុជាកាន់តែរីកចំរើនទៅមុខហើយ។
លោកក៏បានបញ្ជាក់ទៀតថា ថ្ងៃនេះការរៀបចំកម្មវិធីនេះឡើង គឺដោយសារតែបច្ចុប្បន្ននេះ ក្រុមហ៊ុនដីធ្លីនៅកម្ពុជាមួយចំនួនដែលវាយតម្លៃ ពួកគាត់មានចំណេះដឹងមានកម្រិត និងចង់ឲ្យក្រុមហ៊ុនទាំងអស់ចែករំលែកចំណេះដឹង ដល់គ្នាទៅវិញទៅមក។
លោកបានបញ្ជាក់បន្ថែមទៀតថា អ្វីដែលជាបញ្ហាប្រឈមចំពោះវិស័យដីធ្លីនេះ គឺកម្ពុជាមិនទាន់មានវិទ្យាស្ថានដីធ្លីជាផ្លូវការ ហើយអ្វីដែលពួកគេចេះ គឺចេះតគ្នារៀនតាមគ្នា.....ហើយបច្ចុប្បន្នសមាគម កំពុងធ្វើ គឺការចែករំលែកបទពិសោធន៍ដល់គ្នាទៅវិញទៅមក កាលណាយើងចេះទាំងអស់គ្នានោះនឹង មិនមានបរទេសណាអាចមកដណ្ដើមការងារពីយើង បានឡើយព្រោះថាយើងចេះច្រើន៕