(ភ្នំពេញ)៖ ក្រុមចោរប្លន់ប្រដាប់អាវុធចំនួន៧នាក់ ក្នុងចំណោមបក្ខពួកជាង១០នាក់ ដែលតែងធ្វើសកម្មភាពយ៉ាងសកម្មភាពតាមមូលដ្ឋាន ក្នុងទឹកដីរាជធានីភ្នំពេញ បណ្ដាលឲ្យពលរដ្ឋភ័យខ្លាច និងខ្លះរងរបួសទៀតផងនោះ នៅពេលនេះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនជាបន្ដបន្ទាប់ ព្រមទាំងដកហូតម៉ូតូចំនួន៥គ្រឿង និងវត្ថុតាងផ្សេងទៀត សម្រាប់ធ្វើសកម្មភាពនាពេលកន្លងទៅ។

នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧នេះ អធិការរងនគរបាលទទួលផែនព្រហ្មទណ្ឌ លោក ជា សុវណ្ណ ក្រោមការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ បានបង្ហាញមុខក្រុមចោរ ប្រដាប់អាវុធទាំងនេះ ព្រមទាំងវត្ថុតាងមុនបញ្ជូនទៅកាន់តុលាការ ចាត់ការបន្ដតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា ប្រតិបត្តិការតាមបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធទាំងអស់នេះ បានធ្វើឡើងដោយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនគរបាលតាមខណ្ឌមួយចំនួន ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងសម្របសម្រួល ដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

អធិការនគរបាលខណ្ឌលោក យឹម សារ៉ាន់ បានបញ្ជាក់ថា ក្រោយមានអំពើប្លន់កើតឡើងនៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ ក៏ដូចជាតាមមូលដ្ឋានក្នុងរាជធានីភ្នំពេញនោះ កម្លាំងនគរបាលលរបស់លោក បានសហការបើកប្រតិបត្តិការស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យចំនួន៧នាក់ ជាបន្ដបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ព្រមទាំងដកហូតម៉ូតូចំនួន៥គ្រឿង និងដាវ ព្រមទាំងសម្ភារៈមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំងនេះ ស្ថិតក្រោមការសួរនាំបន្ដនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការបន្ដតាមផ្លូវច្បាប់៕