(ភ្នំពេញ)៖ សាលាមីគីវ៉េ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧នេះ បានរៀបចំកម្មវិធីប្រគល់ពាន់រង្វាន់ជ័យលាភី ដល់សិស្សឆ្នើមប្រចាំឆ្នាំចំនួន៣៩នាក់ ដែលមកពីសាលាមីគីវ៉េចំនួន១៩សាខា។
ការរៀបចំវិធីប្រគល់ពាន់រង្វាន់ ដល់សិស្សានុសិស្សឆ្នើមប្រចាំសាលានេះ ត្រូវបានធ្វើឡើងក្រោមការចូលរួមពីលោក ព្រាប កុម្ភៈ ប្រធានការិយាល័យបឋមនៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសាលា បុគ្គលិក លោកគ្រូអ្នកគ្រូព្រមទាំងសិស្សានុសិស្ស និងមាតាបិតាសិស្សយ៉ាងច្រើនកុះករ។
លោក សៅ ហៃ ប្រធានការិយាល័យចំណេះទូទៅភាសាខ្មែរ នៃសាលាមីគីវ៉េ បានឲ្យដឹងថា យោងតាមរបាយការណ៍បានបញ្ជាក់ថា សាលាមីគីវ៉េទាំង១៩សាខា មានសិស្សសរុបចំនួន២០៩៧៨នាក់ កំពុងសិក្សាកម្មវិធីភាសាអង់គ្លេស និងចំណេះទូទៅភាសាខ្មែរតាំងពីកម្រិតមត្តេយ្យ សិក្សាដល់កម្រិត១២ ដោយក្នុងនោះសិស្សចំណេះទូទៅភាសាខ្មែរ ថ្នាក់មត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សាទុតិយភូមិ មានសិស្សសរុបចំនួន ៧៣១២ នាក់ ស្រី៤០២១ នាក់ និងសិស្សភាសាអង់គ្លេសសរុបចំនួន១៣៦៦៦នាក់។
លោកបានបន្ថែមថា ក្នុងកម្មវិធីនេះសាលាបានអញ្ជើញសិស្សពូកែ ដែលមានចំណាត់ថ្នាក់លេខ១ប្រចាំសាខា ទាំង២២០នាក់មកពីគ្រប់សាខាទាំង១៩ អោយចូលរួមនិង ចែកជូនរង្វាន់និងប័ណ្ណសរសើរដល់ពួកគាត់ ។ ហើយនៅក្នុងចំណោមសិស្សពូកែមានសិស្សចំនួន៣៩នាក់ ត្រូវបានជ្រើសរើសជាសិស្សឆ្នើមទូទាំងសាលាមីគីវ៉េប្រចាំឆ្នាំសិក្សា ២០១៦-២០១៧ ដោយសាលាបានផ្តល់ជូនពានជ័យលាភី អាហារូបករណ៍ សម្ភារៈសិក្សា និងថវិកាជាច្រើន ទៀតដល់សិស្សឆ្នើមទាំងនោះ ដើម្បីជាការលើកទឹកចិត្ត។
លោក សែម សុវ័ន នាយកប្រតិបត្តិសាលាមីគីវ៉េ និងជាតំណាងរបស់ លោក សៅ វលក្ខណ៍ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាអគ្គនាយកសាលាមីគីវ៉េ បានបញ្ជាក់ថា ការកំណត់ឱ្យមានការប្រឡងជ្រើសរើសសិស្ស ឆ្នើមសម្រាប់ឆ្នាំសិក្សានីមួយៗរបស់សាលាមីគីវ៉េ គឺជាយន្តការមួយក្នុងចំណោមយន្តការជាច្រើន នៃផែនការពង្រឹងគុណភាពសិក្សារបស់សិស្ស។
លោកក៏បានសំដែងការចូលរួមអបអរសាទរចំពោះ លទ្ធផលដ៏ល្អរបស់ក្មួយៗជាសិស្សពូកែ ហើយបញ្ជាក់ថា លទ្ធផលដែលក្មួយៗ
សិស្សពូកែទាំងអស់ទទួលបានគឺជាការតបស្នងមួយដ៏មានន័យជួនដល់មាតាបិតារបស់ក្មួយៗ និងជាមោទនៈភាពមួយសម្រាប់ខ្លួន
ឯងនិងសម្រាប់គ្រូសាររបស់ក្មួយៗ។
ឆ្លៀតក្នុងឪកាសនោះដែរ លោក សែម សុវ័ន ក៏បានថ្លែងអំណរគុណចំពោះការផ្តល់ទំនុក ចិត្តដល់សាលាមីគីវ៉េរបស់សិស្សានុសិស្ស និង មាតាបិតា ឬអាណាព្យាបាលសិស្ស ដោយការជ្រើសរើសយកសាលាមីគីវ៉េជាកន្លែងផ្តល់ការអប់រំដល់ ក្មួយៗ និងបុត្រធីតារបស់អស់លោក-លោកស្រី និងសំណូមពរអោយក្មួយៗនិងជាមាតាបិតាឬអាណាព្យាបាលបន្តនូវការគាំទ្រ និងសហការជាមួយសាលា ដើម្បីជំរុញអោយការសិក្សារបស់ក្មួយៗជាសិស្សានុសិស្សកាន់ តែមានគុណភាពនិងប្រសិទ្ធភាពបន្ថែម ទៀត។
ក្នុងនោះដែរលោក ព្រាប កុម្ភៈ ប្រធានការិយាល័យបឋមនៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបានមានមតិកំណត់
សម្គាល់ថា សាលាមីគីវ៉េគឺជាសាលាមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងគោរពតាមបទដ្ឋានរបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងក្រសួងអប់រំ យុវជននិងកីឡា និងបានកោតសរសើរចំពោះការរីកចម្រើន និងប្រព័ន្ធគ្រប់គ្រងរបស់សាលាមីគីវ៉េផងដែរ៕