(ភ្នំពេញ)៖ សភាយុវពាណិជ្ជករអន្តរជាតិ (JCI) កម្ពុជាសាខាចតុមុខ ដែលទទួលបានការគាំទ្រពីក្រសួងបរិស្ថាន និងសាលាក្រុងភ្នំពេញ ដោយមានការសហការជាមួយ អង្គការអភិរក្សសត្វព្រៃ (WCS) បានធ្វើយុទ្ធនាការមានឈ្មោះថា «Let Plant 2017» មានការបែងចែកជា២ដំណាក់កាល លើកទី១ ធ្វើយុទ្ធនាការដាំដើមឈើ ជាង២ពាន់ដើម នៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ និងគម្រោងដាំបន្ថែមជាង៥ម៉ឺនដើម នៅខេត្តមណ្ឌលគីរី នាខែក្រោយនេះ។
យុទ្ធនាការ ប្រចាំឆ្នាំរបស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាចតុមុខ បានរៀបចំឡើង ក្នុងគោលបំណងបង្កើនការយល់ដឹង អំពីសារៈសំខាន់នៃព្រៃឈើ និងដើមឈើ ក្នុងបុព្វហេតុ ទប់ស្កាត់បម្រែបម្រួលអាកាសធាតុ និងការឡើងកម្តៅ នៅលើភពផែនដី។ យុទ្ធនាការនេះ ក៏នឹងផ្តល់ឱកាសសម្រាប់ឲ្យប្រជាពលរដ្ឋ និងយុវជន ព្រមទាំងក្រុមហ៊ុន ចូលរួមចំណែកបំពេញកាតព្វកិច្ច និងកិច្ចការងារអភិវឌ្ឍជ្រុងមួយ នៃសង្គមទាំងមូល ក្នុងន័យអភិវឌ្ឍប្រកបដោយចីរភាព។
ថ្លែងនៅក្នុងពិធីដាំកូនឈើ នៅថ្ងៃដដែលនោះ លោក ហេង ហួន ប្រធានសាខាចតុមុខ នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា បានលើកឡើងថា នេះជាឆ្នាំទី៤ ដែល JCI កម្ពុជាសាខាចតុមុខ បានរៀបចំយុទ្ធនាការ «តោះយើងនាំគ្នាដាំដើមឈើ» នៅប្រទេសកម្ពុជា ហើយនេះ មិនមែនជាយុទ្ធនាការ ធ្វើមួយលើកចប់នោះទេ។ ពីមួយឆ្នាំ ទៅមួយឆ្នាំ ទំហំនៃការដាំកូនឈើ របស់យើងតែងតែត្រូវបានពង្រីក ហើយក្នុងឆ្នាំនេះ ក៏មានការពង្រីកការដាំកូនឈើ រហូតដល់៥ម៉ឺនដើម ដែលមានពាក្យស្លោក «មនុស្សគ្រប់គ្នាសំខាន់ ដើមឈើគ្រប់ដើមក៏សំខាន់ សុទ្ធតែសំខាន់ដូចគ្នា» ដែលពាក្យស្លោកនេះ ត្រូវបានផ្តួចផ្តើមដោយប្រធានគម្រោង លោក លី ឧត្តម។
ជាមួយគ្នានោះ លោក អ៊ុក ណាវ៉ាន់ អគ្គនាយករង នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន តំណាងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឲ្យដឹងថា យុទ្ធនាការនេះ ក្រសួងបានចូលរួមគាំទ្រ ជារៀងរាល់ឆ្នាំ។ យុទ្ធនាការនេះ បានបង្ហាញពីភាពជោគជ័យរបស់គម្រោងក៏ដូចជា ក្រសួងបរិស្ថានក្នុងកិច្ចការងារ ដើម្បីព្រៃឈើ និងបរិស្ថានរបស់យើង។ លោក អ៊ុក ណាវ៉ាន់ បន្ថែមថា នៅឆ្នាំនេះ នឹងបន្តទៅមុខទៀត ក្រសួងនិងអគ្គនាយកដ្ឋាន នៅតែបន្តជួយជ្រោមជ្រែង គាំទ្រយុទ្ធនាការនេះឲ្យអស់ពីលទ្ធភាព ដោយសហការជាមួយ JCI កម្ពុជា សាខាចតុមុខ ដើម្បីធ្វើយ៉ាងណាធានា ដល់ការអនុវត្តគម្រោងប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាព។
លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ បានឲ្យដឹងដែរថា កិច្ចការថែរក្សាព្រៃឈើ និងធ្វើឲ្យមាននិរន្តរភាព បរិស្ថាន មិនមែនជាកាតព្វកិច្ចផ្តាច់មុខ របស់អាជ្ញាធរ ក្រសួង ឬអង្គការណាមួយឡើយ តែជាកាតព្វកិច្ចរបស់ពលរដ្ឋ គ្រប់ៗគ្នា ដែលត្រូវចូលរួមថែរក្សាការពារ ដាំដុះ ថែរក្សាទាំងអស់គ្នា។
លោក ស៊ុយ សេរិទ្ធ បន្តថា ក្នុងនាមអាជ្ញាធររដ្ឋបាលរាជធានីភ្នំពេញ លោកពិតជាគាំទ្រ នូវសកម្មភាព ដែលមានការបំផុសឲ្យ មានការដាំកូនឈើ មិនថានៅសាលារៀន ឬនៅតំបន់ព្រៃអភរិក្សឡើយ វាមិនត្រឹមតែជាការដាំដើមឈើ ធ្វើជាម្លប់ប៉ុណ្ណោះទេ តែវាជាការដាស់ស្មារតីឲ្យប្អូនៗ សិស្សានុសិស្សចាប់ផ្តើមស្រឡាញ់បរិស្ថាន និងដើមឈើ។
គួរបញ្ជាក់ថា កាលពីឆ្នាំកន្លងទៅ ពោលគឺនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅឧត្តរមានជ័យ បានរៀបចំយុទ្ធនាការ «Let Plant 2016» ដោយជោគជ័យ បន្ទាប់មកបានដាំដើមឈើ ប្រមាណ១,១០០ដើម និងមានអ្នកចុលរួមប្រមាណ៥០០នាក់។ កូនឈើទាំងនោះ ត្រូវបានព្រះតេជគុណ អនុគុណខេត្តឧត្តរមានជ័យ និងអ្នកផ្តួចផ្តើមបង្កើត ព្រៃអភិរក្សសង្ឃរុក្ខវ័ន្ត ព្រះគុណ ប៊ុន សាឡូត មើលថែទាំ និងដាំដុះបានយ៉ាងល្អ។
ចំណែកនៅឆ្នាំនេះ យុទ្ធនាការរបស់JCI បានផ្តោតលើប្រធានបទ «Everyone Matters Evey Trees Matters» មានន័យថា «មនុស្សគ្រប់គ្នាសំខាន់ ដើមឈើគ្រប់ដើមក៏សំខាន់ សុទ្ធតែសំខាន់ដូចគ្នា»។ យុទ្ធនាការនេះ ធ្វើឡើងជា២ដំណាក់កាល ដែលដំណាក់កាលទី១ ធ្វើនៅរាជធានីភ្នំពេញ ដោយមានការដំាំកូនឈើ២ពាន់ដើម នៅសាលា និងវត្តអារាម និងដំណាក់កាលទី២ នឹងធ្វើនៅមូលដ្ឋានក្នុងតំបន់កែវសីមា ក្នុងខេត្តមណ្ឌលគិរី ដោយដាំដើមឈើ៥ម៉ឺនដើម នៅក្នុងសហគមន៍ មូលដ្ឋាន៕