(ភ្នំពេញ)៖ ពិតជាមិននឹកស្មានដល់ថា តារាសម្ដែង តារាចម្រៀង តារាកំប្លែង តារាបង្ហាញម៉ូត ពិធីករ-ពិធិការិនី ល្បីៗជាច្រើនបានបង្ហាញក្ដីរំភើបរីករាយ ចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងកម្មវិធី «កម្រាលព្រំសប្បុរសធម៌ធំមួយ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា» ដែលរៀបចំឡើង ក្នុងគោលបំណងរៃអង្គាសថវិកា ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា នៅល្ងាចថ្ងៃទី២៩ កញ្ញា ឆ្នាំ២០១៧ នេះ នៅក្នុងបរិវេណសាកលវិទ្យាល័យ ន័រតុន។
អ្នកសិល្បៈល្បីៗទាំងអស់នោះ រួមមាន អ្នកនាង ពេជ្រ សោភា, លោក Step , នាយ ចឺម, កញ្ញា ដួង ម៉ានិច, លោក រ៉ូលីន, អ្នកនាង ម៉ៅ ស៊ីណាត, ក្រុមកំប្លែងយេយេ, លោក ឆន សុវណ្ណារាជ, កញ្ញា ឈិត សុវណ្ណបញ្ញា, កញ្ញា នីរ័ត្ន, កញ្ញា ឈិន រតនៈ, កញ្ញា ប៉ុបពី, ប៉េងប៉ោង, នាយក្រូច, លោក ឈួន ពន្លឺ, កញ្ញា សោភណ្ឌ ទេពី, កញ្ញា សុភ័ក្រ្ត កុសុម៉ា, នាយ ព្រែក, លោក ខេន វណ្ណាថាត, រំដួលលិចទឹក,កញ្ញា មាស សម្ផស្ស, អ្នកនាង លី ម៉ារីណា, កញ្ញា ទឹម រដ្ឋា, លោក នីកូ និងតារាល្បីៗជាច្រើដួងទៀត មកពីគ្រុបគ្រួសារតារាកម្ពុជា។
លោកបណ្ឌិត អ៊ុង វ៉ាន់ធឿន បានថ្លែងឲ្យដឹងថា នេះជាការប្រគំតន្ត្រី ដែលបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ តាំងពិព័រណ៍ស្នាដៃនិស្សិតគ្រប់ផ្នែក គ្រប់ជំនាញរបស់និស្សិតន័រតុន ដោយក្នុងរយៈពេល៣ថ្ងៃនោះ ក៏មានការផ្ដល់ជូននូវការសម្អាត មាត់ធ្មេញពីសំណាក់សាស្ត្រាចារ្យ និងនិស្សិតផ្នែកទន្តសាស្រ្ត នៅបន្ទប់ទន្តសាស្រ្ត នៃមហាវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលមានបំពាក់ដោយឧបករណ៍ថ្មី ទំនើបឥតគិតថ្លៃជូនដល់អ្នកចូលរួមទស្សនា។ ក្នុងនោះក៏មានដាក់បង្ហាញ នូវស្នាដៃរបស់និស្សិតស្ដី ពីគម្រោងផ្នែកស្ថាបត្យកម្ម សំណង់ស៊ីវិល កុំព្យូទ័រ អេឡិចត្រូនិច និងផ្នែកវិទ្យាសាស្ត្រសង្គម ដើម្បីលើកម្ពស់ស្នាដៃរបស់និស្សិតប្រចាំឆ្នាំ។
អ្វីដែលកាន់តែពិសេសទៅទៀត គឺអ្នកចូលរួមទស្សនាទាំងអស់ នឹងទទួលបានការចែកជូននូវសៀវភៅ ស្ដីពីប្រវត្តិប្រាសាទសំបូរព្រៃគុក ដែលត្រូវបានរៀបចំរហូតដល់រាប់រយក្បាល ដើម្បីអបអរដល់ការដាក់ បញ្ចូលប្រាសាទសំបូរព្រៃគុក នៅក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌ ពិភពលោកកាលពីពេលថ្មីៗ។ ព្រឹត្តិការណ៍នេះនឹងបើកឲ្យទស្សនាដោយសេរី នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ រហូតដល់ព្រឹត្តិការណ៍ កម្រាលព្រំសប្បុរសធម៌របស់គ្រួសារតារាកម្ពុជា ត្រូវបញ្ចប់នៅយប់ថ្ងៃទី២៩កញ្ញា ក្នុងឆ្នាំដដែល។
ដោយឡែកលោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានអះអាងថា នេះជាលើកទី២ហើយ ដែលសាកលវិទ្យាល័យន័រតុន និងគ្រួសារតារាកម្ពុជា បានសម្រេចរៀបចំព្រឹត្តិការណ៍ នេះឡើង ក្នុងគោលបំណងស្វែងរកកម្លាំងពីតារាល្បីៗ ឲ្យចូលរួមធ្វើយុទ្ធនាការច្រៀងរាំ និងឈរកាន់ហិបរៃអង្គាសដោយផ្ទាល់ ដើម្បីរៃអង្គាសថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។
លោកថា នៅក្នុងឱកាសនោះ មហាជនគ្រប់ទិសទីនឹងអាចចូលរួម កំសាន្តសប្បាយដោយសេរី ជាមួយទស្សនីយភាព រួមមានការច្រៀងរាំ ដើរម៉ូដ និងកំប្លែងពីក្រុមសិល្បករ-សិល្បការនីល្បីៗ នៅក្នុងប្រទេសកម្ពុជា ដែលសុទ្ធសឹងតែបានស្ម័គ្ររួមគ្នា ជួយក្នុងព្រឹត្តិការណ៍នោះ ដើម្បីជាប្រយោជន៍ ដល់មន្ទីរពេទ្យគន្ធបុប្ផា។
លោក ផាត់ តារារដ្ឋ បានបង្ហាញពីការរំភើប ដែលព្រឹត្តិការណ៍ដើរលើកំរាលព្រំ និងច្រៀងរាំមួយនេះ ទទួលបានជោគជ័យហួសពីការស្មាន ដោយសារតែមានវត្តមានតារាល្បីៗ របស់ក្រុមចូលរួមយ៉ាងច្រើនកុះករ ហើយច្រៀង រាំដោយគ្មានការរើសអើង បើទោះមិនទទួលបានប្រាក់កម្រៃ។ លោកបន្តថា នេះជាព្រឹត្តិការណ៍ច្រៀងរាំ និងដើរកាត់កំរាលព្រំលើកទី២ ដែលបានសហការជាមួយនឹងសាកលវិទ្យាល័យ ន័រតុន ដើម្បីរ៉ៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យ «គន្ធបុប្ផា» និងកុមារកំព្រា៕