(ក្រចេះ)៖ កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង សហការជាមួយនគរបាលសេដ្ឋកិច្ចខេត្ត និងអាវុធហត្ថស្នាក់ការសន្តិសុខ៧១០ បានឃាត់រថយន្ដសាំយ៉ុង ចំនួន២គ្រឿងដឹកឈើ គ្មានច្បាប់អនុញ្ញាត។ ប្រតិបត្តការនេះធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្លូវជាតិលេខ៧ ស្ថិតនៅឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

លោក កែវ ចំណាន នាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង បានឲ្យដឹងថា រថយន្ដសាំយ៉ុងទាំង២គ្រឿងនេះ ដឹកឈើប្រភេទលេខ២ គ្មានច្បាប់អនុញ្ញាត ដោយដឹកចេញពីខេត្តស្ទឹងត្រែង ឆ្លងកាត់មកខេត្តក្រចេះ មកដល់ចំណុចខាងលើ ត្រូវធ្វើការបង្ក្រាបតែម្ដង។

រថយន្ដទាំងពីរគ្រឿងនេះទី១ រថយន្ដពណ៌បៃតងខ្ចី ពាក់ស្លាកលេខភ្នំពេញ 2N-6207 ដឹកឈើអាលេខ២ ប្រភេទខ្លុងចំនួន១១២សន្លឹក។ រថយន្ដទី២ ម៉ាកសាំយ៉ុងពណ៌ ពាក់ស្លាកលេខ 2AE-7025​ ដឹកឈើអារលេខ២​ប្រភេទ ខ្លុង​ ចំនួន១១៥សន្លឹក សរុបរថយន្ដទាំងពីរនេះ ផ្ទុកឈើជិត៤មែត្រគូប។

លោកនាយសង្កាត់បានបន្ដទៀតថា រថយន្ដទាំងពីរគ្រឿង និងឈើត្រូវបានកម្លាំងសមត្ថកិច្ច នាំយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង ដើម្បីចាត់ការតាមច្បាប់រដ្ឋបាលព្រៃឈើ៕