(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់បណ្ដាប្រទេសក្នុងតំបន់អាស៊ីចំនួន ០៥ នៅខែវិច្ឆិកាខាងមុខនេះ នាឱកាសចូលរួមកិច្ចប្រជុំកំពូលថ្នាក់តំបន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ បើតាមសេតវិមាន លោក ដូណាល់ ត្រាំ នឹងបំពេញដំណើរទស្សនកិច្ចរយៈពេល ១១ថ្ងៃ មកកាន់ប្រទេសជប៉ុន ចិន កូរ៉េខាងត្បូង វៀតណាម ហ្វីលីពីន និងរដ្ឋហាវ៉ៃរបស់សហរដ្ឋអាមេរិក។ សេតវិមានបានគូសបញ្ជាក់បន្ថែមដូច្នេះថា «លោកប្រធានាធិបតីអាមេរិក ក៏បានសន្យាផងដែរថា នឹងពង្រឹងដំណោះស្រាយអន្តរជាតិ ប្រឈមមុខនឹងការគំរាមកំហែង ពីសំណាក់កូរ៉េខាងជើង»។
កូរ៉េខាងជើង និងសហរដ្ឋអាមេរិកបានប្រើវោហាស័ព្ទធ្វើសង្រ្គាមដាក់គ្នាទៅវិញទៅមកនាពេលថ្មីៗនេះ ដោយចាប់ផ្ដើមពី លោក ដូណាល់ ត្រាំ ដែលបានយកវេទិកាអង្គការសហប្រជាជាតិ គំរាមកម្ទេចទីក្រុងព្យុងយ៉ាងឱ្យក្លាយជាផេះ ខណៈរបបដឹកនាំលោក គីម ជុងអ៊ុន ព្រមានថា នឹងបាញ់ទម្លាក់យន្ដហោះចម្បាំងអាមេរិក ដែលហោះមកក្បែរដែនអាកាសរបស់ខ្លួន។ ក៏ប៉ុន្តែ សង្រ្គាមពាក្យសម្ដីនេះក៏បានធ្វើឱ្យទីក្រុងប៉េកាំង ព្រួយបារម្ភមិនតិចនោះទេ ពោលគឺបើតាមក្រុមអ្នកជំនាញខ្លះ តាមរយៈការព្រួយបារម្ភនេះឯង និងដើម្បីបន្ទន់ចិត្ត ទីក្រុងវ៉ាស៊ីនតោន ក៏ដូចជាទុកឱកាសឱ្យកូរ៉េខាងជើងគិតគូរឡើងវិញ ទើបក្រសួងពាណិជ្ជកម្មចិន បានចេញបញ្ជាឱ្យក្រុមហ៊ុនកូរ៉េខាងជើងមានមូលដ្ឋាននៅក្នុងប្រទេសចិន ឬជាក្រុមហ៊ុនមានភាគហ៊ុនចិន-កូរ៉េខាងជើង បិទប្រតិបត្តិការក្នុងរយៈពេល ១២០ថ្ងៃ រាប់ចាប់ពីការអនុម័តការដាក់ទណ្ឌកម្ម UN កាលពីពាក់កណ្ដាលខែកញ្ញានេះ។
គួរបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់ លោក ដូណាល់ ត្រាំ មកកាន់ទ្វីបអាស៊ី គេរំពឹងថា ប្រធានបទសំខាន់ៗមួយចំនួននឹងត្រូវលើកមកពិភាក្សាក្នុងនោះរួមមាន វិបត្តិនុយ ក្លេអ៊ែរកូរ៉េខាងជើង សមុទ្រចិនខាងត្បូង កិច្ចព្រមព្រៀង TPP និងការស្ដារទំនាក់ទំនងល្អឡើងវិញជាមួយហ្វីលីពីនជាដើម៕