(ប៉េកាំង)៖ ដោយមានការចាត់តាំងពីក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្ដមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមព័ត៌មានទាន់ហេតុការណ៍ HOTLINE ជាមួយជនបរទេសប្រចាំនៅកម្ពុជា បានដឹកនាំប្រតិភូនគរបាលជាតិជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំមហាសន្និបាតនគរបាលអន្តរជាតិ លើកទី៨៦ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

នាយឧត្តមសេនីយ៍ ប្រធានប្រតិភូ បានប្រាប់សារព័ត៌មាន Fresh News ឲ្យដឹងថា កិច្ចប្រជុំមហាសន្និបាតនគរបាលអន្តរជាតិ លើកទី៨៦ នេះ ត្រូវបានប្រកាសបើកដោយលោក Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។

ថ្លែងក្នុងឱកាសនោះប្រមុខរដ្ឋចិនបានលើកឡើងថា កិច្ចសហប្រតិបត្តិការរបស់នគរបាលអន្តរជាតិ មានសារសំខាន់បំផុតចំពោះប្រជាជាតិទាំងមូលលើសកលលោក ហើយបានផ្ដល់ជាគុណប្រយោជន៍ដើម្បីថែរក្សាសន្តិសុខជូនដល់ប្រជាជននៅលើពិភពលោក។

ជាលទ្ធផល កិច្ចប្រជុំមហាសន្និបាតនគរបាលអន្តរជាតិ លើកទី៨៦ បានឯកភាពអនុម័ត បោះឆ្នោតគាំទ្រប្រទេស Palestine និង Solomon Islands ធ្វើជាប្រទេសសមាជិកថ្មីរបស់នគរបាលអន្តរជាតិ ហើយសរុបមកដល់ពេលនេះមានប្រទេសចំនួន១៩២ ជាសមាជិកនគរបាលអន្តរជាតិ និង បានអនុម័តវិសោធនកម្មមាត្រា ៤៤ នៃបទបញ្ញត្តិទូទៅ នៃអគ្គលេខាធិការ៕