(ភ្នំពេញ)៖ ក្រោយពីបានតាមដានរឿងរ៉ាវថ្មីៗរបស់លោក កឹម សុខា និងគណបក្សសង្គ្រោះជាតិប៉ុន្មានសបា្តហ៍កន្លងមកនេះ និងតាមរយៈការស្រាវជ្រាវបន្ថែមពីអ្វី ដែលចៅចាក់ស្មុកបានសរសេរនាពេលកន្លងទៅ អ្វីដែល កឹម សុខា បានសារភាពថា ឃុបឃិត និងទទួលបញ្ជាពីអាមេរិក និងទង្វើរបស់គណបក្សសង្គ្រោះជាតិ ទាំងនៅក្នុងនិងក្រៅប្រទេសនាពេលកន្លងទៅគឺមិនបានបម្រើផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាឡើយ និងបានប្រព្រឹត្តខុស នឹងច្បាប់ស្តីពីគណបក្ស នយោបាយនៃព្រះរាជាណាចក្រកម្ពុជា។

ទី១៖ មាត្រា៦ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ៖

១៖ ធ្វើអបគមន៍ដែលនាំឱ្យអន្តរាយ ដល់ឯកភាពជាតិ និងបូរណភាពទឹកដី។ ទី២-ធ្វើវទ្ធង្សនាប្រឆាំងនឹងរបបបនរជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ទី៣៖-ការធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។ ទី៤-ការបង្កើតកងកម្លាំងប្រដាប់អាវុធ។ ទី៥-ការញុះញង់ដែលនាំឱ្យមាន ការបែកបាក់ជាតិ។ ៦-ប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិមដើម្បីជាផលប្រយោជន៍ នយោបាយសម្រាប់គណបក្សនយោបាយរបស់ខ្លួន។ ៧-យល់ព្រមដោយចំហ ឬដោយ តុណ្ហីភាព ឬឃុបឃិតជាមួយទណ្ឌិត ជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិមឱ្យធ្វើសកម្ម ភាពណាមួយសម្រាប់គណបក្សនយោបាយរបស់ខ្លួន។ ៨-គាំទ្រ ឬរៀបចំផែនការ ឬឃុបឃិតជាមួយរាល់បុគ្គល ដែលធ្វើសកម្មភាពក្នុងគោលបំណងប្រឆាំងនឹងផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជាដូចមានចែងពីចំណុច១ ដល់ចំណុច៥ខាងលើ។ ទាំង មន្ត្រី និងគណបក្សសង្គ្រោះជាតិបានធ្វើអ្វីៗដូចនឹងច្បាប់ហាមឃាត់ ហើយទណ្ឌិត សម រង្ស៊ី ទោះបីមិនធ្វើសកម្មភាពចំហជាមួយគណបក្សសង្គ្រោះជាតិ ប៉ុន្តែអ្វីដែល ទណ្ឌិតនេះ បានធ្វើគឺជាការឃុបឃិតគ្នាជាសម្ងាត់ជាមួយមន្ត្រីបក្សសង្គ្រោះជាតិធ្វើការបំផ្លាញជាតិ យ៉ាងពិតប្រាកដ។

ទី២៖ មាត្រា៧នៃច្បាប់ស្តីពីគណបក្សនយោបាយ ចែងថា គ្រប់គណបក្សនយោបាយមិនត្រូវស្ថិតនៅក្រោមចំណុះ ឬការបង្គាប់បញ្ជារបស់គណបក្ស នយោបាយបរទេស ឬរដ្ឋាភិបាលបរទេស។ គណបក្សសង្គ្រោះជាតិ តាមរយៈប្រធានរបស់ខ្លួន កឹម សុខា បានថ្លែងជាសាធារណៈបង្ហាញពី ផែនការដែលខ្លួនបានត្រូវរ៉ូវគ្នាឃុបឃិតជាមួយបរទេសចាប់តាំងពីឆ្នាំ១៩៩៣ មកដើម្បីផ្តួលរំលំរាជរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។
នេះគឺជាទង្វើខុសច្បាប់មួយដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ហើយឥឡូវនេះលេចចេញភស្តុតាងថ្មីមួយទៀត ដែលគណបក្សសង្គ្រោះជាតិមានបរទេសជួយរៀបចំគោលនយោបាយដែលផ្ទុយពីច្បាប់ស្តីពីគណបក្សនយោបាយ។

ការរំលោភច្បាប់នេះត្រូវបានបញ្ជាក់ដោយវិដេអូឃ្លីបថ្មីរបស់ កឹម សុខា ថ្លែងចំពោះមុខអ្នកគាំទ្រខ្លួននៅប្រទេសអូស្ត្រាលីថា៖ «ឥឡូវនេះមានប្រទេស មហាអំណាចមួយ ខាងលទ្ធិប្រជាធិបតេយ្យកំពុងជួយគណបក្សសង្គ្រោះជាតិរៀបចំគោលនយោបាយ និងកម្មវិធីនយោបាយគណបក្សដើម្បីទៅដឹកនាំប្រទេស»។

ទី៣៖ ផែនការសម្ងាត់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលពួកឃុបឃិតគ្នាជាមួយអាមេរិកអនុវត្តតាំងពីឆ្នាំ ១៩៩៣មក បានសម្រេចជាដំណាក់កាលៗ ហើយការឈានមួយកម្រិតទៀតអំឡុងពេល នៃបាតុកម្មក្រោយការបោះឆ្នោតឆ្នាំ ២០១៣។ គណបក្សសង្គ្រោះជាតិដែលដឹកនាំដោយ សម រង្ស៊ី និង កឹម សុខា បានកៀងគរអ្នកគាំទ្រខ្លួនពីខេត្ត នានានៃប្រទេសកម្ពុជាដើម្បីប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលដឹកនាំស្របច្បាប់ដោយ គណបក្សប្រជាជនកម្ពុជា ក្រោមលេសនៃការតវ៉ាប្រឆាំាំងនឹងលទ្ធផលបោះឆ្នោតដែលពួកគេបានលាបពណ៌ថាធ្វើឡើងមិនត្រឹមត្រូវ មិនសេរី និងមិនយុត្តិធម៌ដើម្បីបញ្ឆេះកំហឹងប្រជាពលរដ្ឋ មួយចំនួនឱ្យខឹងសម្បារនឹងគណបក្សប្រជាជនកម្ពុជា និង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយងើបឡើងតវ៉ាប្រឆាំង។

ប៉ុន្តែធាតុពិតគឺជាការបំផ្ទុះបដិវត្តន៍។ សម រង្ស៊ី និង កឹម សុខា ត្រូវបានគេដឹងថាបានចូលស្ថានទូតអាមេរិកដែលមានទីតាំងនៅក្បែរនឹងទីលានប្រជាធិបតេយ្យ នោះជាញឹកញាប់ទំនងដើម្បីស្នើសុំយោបល់បន្ថែម និងទទួលបញ្ជាពីអាមេរិក។ ប៉ុន្តែផែនការបដិវត្តន៍ពណ៌ នេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលានៅដើមឆ្នាំ ២០១៤ ក្រោយពីគណបក្សសង្គ្រោះជាតិ និងមេដឹកនាំខ្លួនបង្ហាញពីចេតនាអាក្រក់ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់។

ទី៤៖ ឥឡូវនេះ កឹម សុខា មេក្លោងនៃការរៀបចំផែនការបដិវត្តន៍ពណ៌ក្រោមការ ជួយជ្រោមជ្រែងពីអាមេរិកត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយ បរទេស ចំណែកបក្សសង្គ្រោះជាតិជាប់ឈ្មោះជាអ្នកទទួលការបង្គាប់បញ្ជាពីបរទេស។ យោងមាត្រា៤៤ ថ្មីនៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយមិនគិតពី ទោសព្រហ្មទណ្ឌផ្សេងៗ គណបក្សនយោបាយដែលបានប្រព្រឹត្តល្មើសនឹងមាត្រា ៦ថ្មី និងមាត្រា ៧ នៃច្បាប់នេះ តុលាការអាចសម្រេចដូចខាងក្រោម៖ ផ្អាកសកម្មភាពគណបក្សនយោបាយនោះ ក្នុងរយៈពេលមិនលើសពី ៥ ឆ្នាំ និង-រំលាយគណបក្ស នយោបាយនោះ។ ក្នុងច្បាប់បានអនុញ្ញាតឱ្យក្រសួងមហាផ្ទៃ ជាអ្នកចាត់វិធានការផ្សេងៗរាប់ទាំង ប្តឹងទៅតុលាការកំពូលដើម្បីរំលាយគណបក្សនយោបាយនោះក្នុងករណីកំហុសមាន លក្ខណៈធ្ងន់ធ្ងរដូចជាទង្វើ ក្បត់ជាតិជាដើម។ តើគណបក្សនយោបាយ និងបុគ្គផ្សេងទៀតអាចមានសិទ្ធិប្តឹងរំលាយគណបក្សនយោបាយមួយដែលបានប្រព្រឹត្តទង្វើខុសច្បាប់ដែរទេ? ព្រោះពួកគេអាចនឹងមានការឈឺឆ្អាលចំពោះជាតិ និងមិនអាចនៅសម្ងំស្ងៀមឈរមើលបក្សមួយទៀត ឃុបឃិតជាមួយបរទេសផ្តួលរំលំ រដ្ឋាភិបាលស្របច្បាប់នោះឡើយ។

តើវាជារឿងចម្លែកទេសម្រាប់កម្ពុជាដែលមានច្បាប់អនុញ្ញាតឱ្យមានការប្តឹងរំលាយបក្ស ក្នុងករណីបក្សនោះប្រព្រឹត្តកំហុសធ្ងន់ធ្ងរក្បត់ជាតិ និងឃុបឃិតជាមួយបរទេស?

ប្រទេសណាក៏ធ្វើដូច្នេះដែរ សូម្បីសហរដ្ឋអាមេរិកដែលបក្សប្រឆាំងហៅថា ជាបិតាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក៏បានអនុវត្តច្បាប់ដូច្នេះដែរ។ រឿងរ៉ាវគណបក្ស ប្រជាធិបតេយ្យរបស់លោកស្រីហ៊ីឡារី គ្លីនតុន ចោទគណបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ ថាបានឃុបឃិតជាសម្ងាត់ជាមួយរុស្ស៊ីដើម្បីឈ្នះការ បោះឆ្នោតនៅតែជាបច្ចុប្បន្នភាព។ ចំណែកនៅប្រទេសថៃក្បែរខាងកម្ពុជា បានអនុវត្តច្បាប់នេះយ៉ាងតឹងរឹងបំផុត។

ដូច្នេះបើគណបក្សសង្គ្រោះជាតិកំពុងឈរនៅមុខជ្រោះមរណៈដូច្នេះ តើដល់ពេលវេលា ឬនៅក្នុងការសិក្សាធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ នេះបន្ថែមទៀត ដើម្បីបង្ការថា បើករណីគណបក្សដែលមានអាសនៈនៅក្នុងព្រឹទ្ធសភា រដ្ឋសភា និងនៅ ក្នុងក្រុមប្រឹក្សាខេត្តរាជធានី ស្រុកខណ្ឌ ឃុំសង្កាត់ ត្រូវបានរំលាយ តើគេនឹងត្រូវធ្វើការ បែងចែកអាសនៈទាំងនោះយ៉ាងដូចម្តេច និងតាមវីធីណា?

ដោយ៖ ចៅចាក់ស្មុក