(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧នេះ កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី១២ វគ្គពិសេស បានរៀបចំពិធីប្រគល់ពានរង្វាន់ ជូនម្ចាស់ជ័យលាភីទាំង១០ ដែលបានឈ្នះក្នុងការប្រកួតប្រជែង។

ការប្រគល់ពានរង្វាន់នេះ រៀបចំឡើងនៅវិមានសន្តិភាព ចាប់ផ្តើមនៅវេលាម៉ោង៩ព្រឹកថ្ងៃសៅរ៍នេះ ក្រោមអធិបតីភាព លោក ដួង តារា ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងមានការចូលរួមពីមាតាបិតា និងអាណាព្យាបាលសិស្សជាច្រើននាក់។

សូមជម្រាបថា កម្មវិធី «ខ្ញុំជាយុវជនគំរូ» រៀបចំឡើងក្រោមការផ្តួចផ្តើម របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឲ្យយុវជនចូលរួមក្នុង កិច្ចការងារសង្គម ជៀសឆ្ងាយអំពើអបាយមុខ និងគ្រឿងញៀនជាដើម។ ម្ចាស់ជយលាភីទាំងអស់ សុទ្ធតែទទួលបានលិខិត សរសើរពីសម្តេចតេជោ រួមទាំងរង្វាន់ផងដែរ៕