(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧នេះ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បើកទ្វារឲ្យសាធារណជនចូលទស្សនាដោយសេរីនូវអគារ ក៏ដូចជាទីតាំងមួយចំនួននៅក្នុងស្ថានទូត ដែលមិនត្រូវបានអនុញ្ញាតឲ្យទស្សនានាពេលកន្លងទៅ។

ស្ថានទូតបារាំង បានគូសបញ្ជាក់ថា ការបើកឲ្យសាធារណជនចូលទស្សនាក្នុងស្ថានទូតបារាំងនេះ គឺធ្វើឡើងក្នុងក្របខ័ណ្ឌនៃទិវាបេតិកភណ្ឌ។ ទិវានេះត្រូវបានប្រារព្ធឡើងអស់រយ:ពេលជាង៣០ឆ្នាំមកហើយនៅប្រទេសបារាំង និងបណ្តាប្រទេសជាច្រើនទៀតលើពិភពលោក ដើម្បីអនុញ្ញាតឲ្យសាធារណជនមានឱកាសចូលទស្សនាអគារ ឬទីតាំងនានា ដែលជាធម្មតាមិនត្រូវបានបើកជាសាធារណ: ឬមានការរឹតត្បិតការចូលទស្សនា។

ភ្ញៀវទាំងអស់អាចចូលទស្សនាអគារស្ថានទូត រួមទាំងនិវេសនដ្ឋានរបស់លោកស្រីឯកអគ្គរដ្ឋទូត ជាពិសេសឧទ្យានដ៏ធំ និងស្រស់ស្អាត ដែលនៅទីនោះមានរក្សាទុកអតីតទ្វាររបងម្ខាងរបស់ស្ថានទូត។ ប្រវត្តិទ្វារនេះត្រូវបានចងក្រងជាប្រលោមលោកដ៏ល្បីមួយ ដែលថ្មីៗនេះត្រូវបានយកទៅថតជាខ្សែភាពយន្តស្តីពីព្រឹត្តិការណ៍ខែមេសា ឆ្នាំ១៩៧៥។

សូមបញ្ជាក់ថា ស្ថានទូតបារាំងប្រចាំកម្ពុជា ត្រូវបានជួសជុលឡើងវិញទាំងស្រុងនៅចន្លោះពីឆ្នាំ១៩៩៣ ដល់១៩៩៥ ដោយក្រុមហ៊ុនបារាំងមួយ ដែលបានកែលម្អតួអគារចាស់ៗសង់ក្នុងអំឡុងឆ្នាំ១៩៥០ ទៅជាបណ្តុំអគារថ្មីមួយមានលក្ខណ:ស្អាតសមសួនជាមួយទេសភាពគួរឲ្យចង់គយគន់។

ក្រៅពីអគារ និងទីតាំងនៅក្នុងស្ថានទូតបារាំងទៅ ការរៀបចំទិវាបេតិកភណ្ឌនៅឆ្នាំនេះ ក៏នឹងមានការរៀបចំឲ្យចូលទស្សនាសាលារាជធានីភ្នំពេញ និវេសនដ្ឋានឯកអគ្គរាជទូតអង់គ្លេស និវេសនដ្ឋានឯកអគ្គរដ្ឋទូតអូស្ត្រាលី ការិយាល័យអង្គការយូណេស្កូ អគារទីភ្នាក់ងារអភិវឌ្ឍន៍បារាំង និងភោជនីយដ្ឋាន VAN’S ព្រមទាំងសាលាបារាំងដេកាត សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ អភិរក្សអង្គរនៅសៀមរាប និងសណ្ឋាគារឡឺរ៉ូយ៉ាល់នៅភ្នំពេញ និងសៀមរាប៕