(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានកំណត់យកថ្ងៃទី០៣ ខែមីនា ដែលជាថ្ងៃប្រារព្ធទិវាវប្បធម៌នោះ ជួបជុំជាមួយអ្នកសិល្បៈគ្រប់ទម្រង់ ក្នុងន័យរឹតបន្ដឹងចំណងសាមគ្គីភាពក្នុងរង្វង់អ្នកសិល្បៈគ្រប់ទម្រង់ទាំងអស់។ ការជួបជុំនេះត្រូវធ្វើឡើងជារៀងរាល់ឆ្នាំផងដែរ។

ការសម្រេចជ្រើសយកថ្ងៃទី០៣ ខែមីនា ដើម្បីជួបជុំជាមួយអ្នកសិល្បៈនេះ ត្រូវបានធ្វើឡើងនាឱកាសដែលសម្ដេចអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរលោកព្រឹទ្ធចារ្យកោសល្យលវោហារ គង់ ណៃ ទទួលពានរង្វាន់សិល្បៈ និងវប្បធម៌ ទីក្រុងហ្វុគុអូកា ប្រទេសជប៉ុន នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅវិមានសន្តិភាព។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ចាប់ពីឆ្នាំក្រោយតទៅខ្ញុំត្រូវមានជំនួបមួយឆ្នាំម្ដងជាមួយនឹងសិល្បៈករ សិល្បៈការិនី ជំនួបនោះត្រូវធ្វើជាមួយគ្នាក្នុងកម្មវិធីទិវាវប្បធម៌ ៣ មីនា តែម្ដង។ ៣មីនាជារៀងរាល់ឆ្នាំត្រូវរៀបចំឡើងនាមហោស្របចតុមុខ ប៉ុន្ដែដោយមហោស្របនោះទទួលបានមនុស្សតិច ដូច្នេះចាប់ពីឆ្នាំ២០១៨ទៅ យើងនឹងធ្វើនៅសាលមហោស្របកោះពេជ្យវិញ និងទទួលទានអាហារមួយពេលជាមួយគ្នា ដើម្បីជាការជួបជុំក្នុងទំហំធំ ក្នុងកម្រិត ៤ពាន់ ទៅ៥ពាន់នាក់តែម្ដង ដើម្បីផ្សារភ្ជាប់ពីទម្រង់មួយ ទៅកាន់ទម្រង់មួយទៀត»

សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើសូមដល់រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឲ្យរៀបចំកម្មវិធីជួបជុំនេះកុំឲ្យជាន់លើថ្ងៃសុក្រ សៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃចន្ទ ព្រោះថ្ងៃទាំងនេះភាគច្រើនសិល្បៈករ សិល្បៈការិនី ជាប់កម្មវិធីប្រគុំតន្រ្ដីនៅតាមស្ថានីទូរទស្សនានា ជាពិសេសថ្ងៃ សៅរ៍ និងថ្ងៃអាទិត្យតែម្ដង។ ដូច្នេះប្រសិនបើថ្ងៃ៣ មីនា ចំថ្ងៃសុក្រ ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃចន្ទ ត្រូវប្ដូរទៅថ្ងៃអង្គារ ពុធ និង ថ្ងៃព្រហស្បតិ៍ វិញ។

សម្ដេចក៏បានបញ្ជាក់ទៀតថា ការធ្វើដូច្នេះដើម្បីបង្កើតនូវឱកាសឲ្យសិល្បៈករ សិល្បៈការិនីគ្រប់ទម្រង់ទាំងអស់អាចចូលរួមទៅបានក្នុងជំនួបមួយ ដែលរៀបចំឡើងដោយនាយករដ្ឋមន្រ្ដី។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា ត្រូវអញ្ជើញសិល្បៈករ សិល្បៈការិនី គ្រប់ទម្រង់ទាំងអស់មកជួបជុំសំណេះសំណាល និងទទួលទានអាហារជាមួយគ្នាមួយពេលតែម្ដង។

សម្តេចតេជោ ហ៊ុន សែន តែងមានជំនួបប្រចាំឆ្នាំជាមួយក្រុមកីឡា ជាមួយពលរដ្ឋខ្មែរ-ឥស្លាម ជាមួយសមាគមជនជាតិ ជាមួយអ្នកសារព័ត៌មានផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីជាជំនួបនោះមានការហត់នឿយបន្តិចក្តី តែសម្តេចត្រូវជួបជាមួយ សិល្បៈករ សិល្បៈការិនីបន្ថែមទៀត ក៏មិនធ្ងន់ដែរ។ សម្តេចតេជោ ហៅជំនួបនេះថា ជាការលើកស្ទួយដល់វិស័យសិល្បៈរបស់ខ្មែរ ហើយក៏ជាលើកទឹកចិត្តដល់សិល្បករ សិល្បការិនីខ្មែរផងដែរ៕