(ភ្នំពេញ)៖ ក្នុងការចរចាអំពីការដំឡើងប្រាក់ឈ្នួល ដោយក្រុមការងារបច្ចេកទេសត្រីភាគី នៅរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ មិនទាន់មាន លទ្ធផលស្របគ្នានៅឡើយទេ ប៉ុន្តែតួរលេខបានចាប់ផ្តើមប្រែប្រួលបន្តដោយនិយោជកយល់ព្រម ដំឡើងតួរលេខខ្លួនពី ១៦១ដល់១៦១.៥០ដុល្លារ ខណៈសហជីពបន្ថយតួរលេខពី ១៧៦,២៦ មកនៅ១៧៥ដុល្លារ។ នេះបើតាមការបញ្ជាក់ពី លោក សោម អូន ប្រធានសភាសហព័ន្ធសហជីពជាតិកម្ពុក ដែលចូលរួមក្នុងកិច្ចប្រជុំនេះ។

ទោះជាយ៉ាងណា ភាគីទាំង៣ ដែលក្នុងនោះរួមមាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និយោជក និងសហជីព បានកំណត់ថា នឹងបើកកិច្ចចរចា លើកទី៣ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ បន្តទៀត។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានសម្របសម្រួលក្នុងការចរចាប្រាក់ឈ្នួលនេះ បានចាត់ទុកថា ការប្រែប្រួល តួរលេខរបស់ សហជីព និងនិយោជក គឺជាសញ្ញាវិជ្ជមានមួយ នៅក្នុងការចរចាប្រាក់ឈ្នួលសម្រាប់កម្មករឆ្នាំ២០១៨។ លោកចាត់ទុកថា វាជាប្រក្រតី នៃការចរចា ហើយលោកសារទរចំពោះការកែសម្រួលតួរលេខនេះ ដែលនឹងនាំទៅរកការប្រជុំសម្រេចនៅសប្តាហ៍ក្រោយ។

សូមបញ្ជាក់ថា តាមការប្រកាសរបស់ក្រសួងការងារ,​ ការពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០១៨ ត្រូវអនុវត្តតាមប្រតិទិន ដូចតទៅ៖ កំណត់យកខែកក្កដា ឆ្នាំ២០១៧ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអបប្បបរមា ជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ។ យកខែសីហា ឆ្នាំ២០១៧ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈទ្វេភាគី។ យកខែកញ្ញា ឆ្នាំ២០១៧ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈត្រីភាគី។​ យកដើមខែតុលា ឆ្នាំ២០១៧ ជាការបើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ ដើម្បីសម្រេចប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៨ ហើយកំណត់យក ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ជាកាលបរិច្ចេទចូលជាធរមាន នៃប្រាក់ឈ្នួលអប្បបរមានោះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្មីៗនេះ បានប្រកាសធានាអះអាងថា នៅឆ្នាំ២០១៨ខាងមុខនេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែងជើងនៅក្នុងប្រទេសកម្ពុជា នឹងមិនតិចជាង១៦០ដុល្លារនោះទេ ខណៈដែលឆ្នាំ២០១៧នេះ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ មានចំនួនទា​បបំផុត ១៥៣ដុល្លារ ដោយមិនទាន់រាប់បញ្ចូលទាំងប្រាក់អត្ថ​ប្រយោជន៍ផ្សេងៗទៀត៕