(ភ្នំពេញ)៖ តំណាងរាជរដ្ឋាភិបាលកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ បានប្រកាសប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិថា បញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ត្រូវបានបណ្តាប្រទេសមួយចំនួន ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាល យកធ្វើជាឧបករណ៍នយោយបាយ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាល។

ក្នុងសេចក្តីថ្លែងការណ៍ក្នុងសម័យប្រជុំលើកទី៣៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដែលធ្វើឡើងនាទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ម្សិលមិញនេះ លោក ណី សំអុល ឯកអគ្គរាជទូតតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា បានលើកឡើងថា ប្រទេសកម្ពុជាតែងតែគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍សាកលនៃសិទ្ធិមនុស្សជាមូលដ្ឋានគ្រឹះ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ លោក ណៃ សំអុល បានលើកឡើងទៀតថា កម្ពុជា បានចូលរួម និងអនុវត្តយ៉ាងសកម្មនូវគ្រប់យន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ រួមបញ្ចូលគណៈកម្មការសិទ្ធិមនុស្ស នីតិវិធីពិសេស និងដំណើរការនៃការពិនិត្យរបាយការណ៍ជាសកលតាមពេលកំណត់ (UPR) ជាដើម។

ប៉ុន្តែប្រទេសមួយចំនួន ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលខ្លះមិនបានមើលឃើញពីកិច្ចខិតខំរបស់កម្ពុជានោះទេ ផ្ទុយទៅវិញពួកគេតែងតែរិះរកគ្រប់វិធីដើម្បីកេងចំណេញនយោបាយ ដោយប្រើប្រាស់លទ្ធិប្រជាធិបតេយ្យជាឧបករណ៍ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរដ្ឋាភិបាលតាមរយៈការធ្វើព្រងើយកន្តើយដោយចេតនាចំពោះគោលការណ៍សាកលស្តីពីការមិនជ្រៀតជ្រែកទៅក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យមួយ ដូចដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។ នេះជាការបញ្ជាក់របស់លោក ណី សំអុល នៅចំពោះមុខតំណាងប្រទេសនានាជាសមាជិកនៃអង្គការសហប្រជាជាតិ។

លោក ណី សំអុល បានបញ្ជាក់យ៉ាងដូច្នេះ «ការវាយតម្លៃទៅលើលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស តែងតែត្រូវបានគេធ្វើឡើងទៅតាមគំនិត និងអារម្មណ៍នយោបាយរបស់អង្គភាព ឬ រដ្ឋ ដែលមានឥទ្ធិពលនៅក្នុងតំបន់ និងសាកលលោកមួយចំនួន។ ហេតុដូច្នេះហើយ គ្រប់ពេលមុនការបោះឆ្នោតជាទូទៅនៅកម្ពុជា ជាពិសេសការបោះឆ្នោតដែលនឹងឈានមកដល់នៅឆ្នាំក្រោយនេះ ការបំភ័នដើម្បីកេងចំណេញខាងនយោបាយ តាមរយៈការប្រើប្រាស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា ត្រូវបានគេធ្វើឡើង ដើម្បីប្រឆាំងរដ្ឋាភិបាល ដោយមិនខ្វល់ពីការអនុវត្តល្អៗនាពេលកន្លងមក»

លោក ណឺ សំអុល ក៏បានលើកបង្ហាញក្រុមប្រឹក្សាសិទ្ធិមនុស្សផងដែរ អំពីការចាប់ខ្លួនលោក កឹម សុខា ដែលជាប់ចោទក្នុងអំពើក្បត់ជាតិ និងចារកម្ម ការផ្អាកដំណើរការ «ឌឹឃេមបូឌែរ ដេលី» និងការបិទអង្គការ NDI។ លោកថា ករណីទាំងនេះ ត្រូវបានគេចោទប្រកាន់រាជរដ្ឋាភិបាលដោយខុសឆ្គងថា បានបន្ថយតម្លៃលទ្ធិប្រជាធិបតេយ្យ រឹតត្បិតសេរីភាពសារព័ត៌មាន និងបានបង្រួមលំហរលទ្ធិប្រជាធិបតេយ្យទៅវិញ។

តំណាងរបស់កម្ពុជានៅអង្គការសហប្រជាជាតិរូបនេះ ក៏បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សដែរថា រាជរដ្ឋាភិបាលតែងក្លាយទៅជាជនរងគ្រោះនៃការចោទប្រកាន់ដែលមានភាពលម្អៀងទៅលើវិធានការណ៍ ដែលរាជរដ្ឋាភិបាលអនុវត្តន៍ដើម្បីពង្រឹងនីតិរដ្ឋទៅតាមអ្វីដែលសហគមន៍អន្តរជាតិទទូចចង់បាន។

លោក ណី សំអុល ក៏បានបញ្ជាក់ប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សថា សន្តិភាព និងស្ថេរភាព គឺជារបស់ដែលមានសារៈសំខាន់បំផុត ដែលកម្ពុជាមិនត្រូវភ័យខ្លាចក្នុងការការពារ ដើម្បីជាសារៈប្រយោជន៍នៃភាពចម្រើនរុងរឿងសម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជានោះឡើយ។

សូមបញ្ជាក់់ការបកស្រាយពីការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា បានក្លាយទៅបញ្ហាដ៏ក្តៅគគុកមួយនៅ លើឆាកអន្តរជាតិ បន្ទាប់ពីមានប្រទេសជាច្រើន រួមទាំងអាមេរិកផងដែរ សម្តែងប្រតិកម្មលើការចាប់ខ្លួនលោក កឹម សុខា ក៏ដូចជាការប្រកាសបិទរបស់កាសែត ឌឹឃែមបូឌែ ដេលី និងការបិទអង្គការ NDI ជាដើម៕