(ភ្នំពេញ)៖ ក្នុងជំនួបជាមួយ លោក Jean-Yves LE DRIAN រដ្ឋមន្ត្រីក្រសួងកិច្ចការអឺរ៉ុប និងការបរទេសបារាំង នាទីក្រុងប៉ារីស ថ្មីៗនេះ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្តីនាការបរទេសកម្ពុជា បានស្នើឱ្យរដ្ឋាភិបាលបារាំងដែលជាប្រធាន ICC Angkor ពិចារណាពង្រីកសមត្ថកិច្ចថែរក្សាដល់ តំបន់ប្រាសាទសំបូរព្រៃគុកបន្ថែមទៀត ក្រោយប្រាសាទនេះត្រូវបានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក។

លោកទេសរដ្ឋមន្រ្តី ក៏បានស្នើសុំឱ្យបារាំងជួយដល់វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ដែលទើបតែបង្កើតថ្មីៗនេះ នៅក្រោមសមត្ថកិច្ចក្រសួងការបរទេស ជាពិសេសដល់ការដាក់ឱ្យដំណើរការ តាមរយៈការចុះកិច្ចព្រមព្រៀងមួយ នៅពេលខាងមុខ ជាមួយស្ថាប័នសិក្សាការទូតរបស់ក្រសួង
ការបរទេសបារាំង។

នៅចំពោះមុខ លោកប្រាក់ សុខុន លោករដ្ឋមន្ត្រីការបរទេសបារាំង LE DRIAN បានទទួលយក និងគាំទ្រសំណើរបស់ លោកទេសរដ្ឋមន្រ្តី រដ្ឋមន្តីសុការបរទេសកម្ពុជា។ លោករដ្ឋមន្ត្រីបារាំង ក៏បានគូសបញ្ជាក់អំពីលទ្ធផលវិជ្ជមានដ៏ខ្លាំងក្លា នៃការងាររបស់បារាំង ក្នុងនាមជាសហប្រធាន ICC Angkor ផងដែរ។

សូមជម្រាបថា តំបន់ប្រាសាទសំបូរព្រៃគុករបស់កម្ពុជា ស្ថិតនៅខេត្តកំពង់ធំ ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិ បេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ នៅទីក្រុងក្រាខូវ ប្រទេសប៉ូឡូញ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧៕