(កំពង់ធំ)៖ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ និងក្រុមការងារបានប្រគល់ផ្ទះ២ខ្នង និងគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋក្រីក្រ និងផ្ទុកមេរោគអេដស៍ចំនួន៧៨គ្រួសារ នៅស្រុកសន្ទុក និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោក សុខ លូ បានថ្លែងថា នេះគឺជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត អាជ្ញាធរខេត្ត ក្រុមការងារចុះជួយឃុំ និងសប្បុរសជន ជូនប្រជាពលរដ្ឋទីទ័លក្រ ដែលកំពុងជួបការលំបាក «ទីណាមានទុក្ខលំបាកទីនោះតែងតែមានកាកបាទក្រហមនៅជាមួយបងប្អូនជានិច្ច»

លោក សុខ លូ បានបន្តថា ដោយអនុវត្តតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងគោលការណ៍សប្បុរសធម៌របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានការបាទក្រហមកម្ពុជា បូករួមជាមួយនឹងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយនឹងសប្បុរជន ជាបុគ្គល ជាអង្គភាពក្រុមហ៊ុន និងជាអង្គការសង្គមស៊ីវិល។

លោក សុខ លូ​ បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ ឲ្យថែរក្សាសុខភាព ពិសារអាហារសាច់ឆ្អិន ទឹកស្អាត រស់នៅមាន អនាម័យដើម្បីបញ្ជៀសជំងឺឆ្លង ហើយបើមានជំងឺឈឺឆ្កាត់ឲ្យទៅព្យាបាលនៅមន្ទីរពេទ្យ ហើយចាំបន់ស្រន់តាមទំនៀមទំលាប់ប្រពៃណីជាក្រោយ និងទំលាប់ហូបស្អាត រស់នៅស្អាត ផឹកស្អាតជានិច្ច ។

អភិបាលខេត្ត បានបញ្ជាក់ផងដែរថា អំណោយដែលបានទទួលបានក្នុងមួយគ្រួសារមានអង្ករ២៥គីឡូក្រាម, មី១កេះ, ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ, ត្រីខកំប៉ុង១យួរ, រួមទាំងឃីឌមួយកញ្ចប់ ដោយឡែកបានប្រគល់ផ្ទះមួយខ្នងទំហំ ៤គុណ៦ ដល់លោក សុខ សាន និងភរិយាឈ្មោះ អ៊ីវ សុកាន មានមុខរបរធ្វើអំបោសគៀវត្នោតលក់មានកូន៣នាក់ នៅភូមិវាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក, និងខ្នងផ្ទះទី២៖ ធ្វើអំពីឈើប្រកស័ង្ខសី ត្រូវបានប្រគល់ជូនគ្រួសារទីទ័លក្រ ប្តីមាន៖ ឈ្មោះ វង់ ចូវ អាយុ៤៥ និងភរិយាឈ្មោះ ធួន សាវឿន អាយុ៤០ឆ្នាំ មានកូនស្រី៣នាក់ រស់នៅក្នុងភូមិបល្ល័ង្កលិច ក្រុងស្ទឹងសែន ខេត្តកំពង់ធំ៕