(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ កម្លាំងសមត្ថកិច្ច បានបន្តរកឃើញគ្រាប់បែកទំលាក់​ពីយន្តហោះអាមរិក ប្រភេទ MK82 ចំនួន១គ្រាប់​ ស្ថិតនៅតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ ពេជ្រ និល ត្រង់ចំណុចម្តុំលូបីអូរត្រាវ ភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នៅថ្ងៃនេះលោកអភិបាលខេត្ត និងកម្លាំងយោធា បានចុះទៅពិនិត្យមើលជាក់ស្តែងនៅកន្លែងដែលប្រទះឃើញគ្រាប់បែបនេះ ហើយក៏បានទាក់ទងទៅមន្រ្តី CMAC ដើម្បីចុះមកយកដែលគ្រោងធ្វើឡើង នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ។

សូមបញ្ជាក់ថា អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យត្រូវបានឯកភាព​ដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា​ តាមកំទេចពួកយៀកកុង​ យួនឈ្លានពាន​ ប៉ុន្តែស្លាប់តែខែ្មរជាង៥០០,០០០នាក់ សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺន​កន្លែង៕