(ភ្នំពេញ)​៖ ​ក្រោយ​ពី​ពិភាក្សា​ជាមួយ ​លោក ​កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ខេត្ត​ត្បូង​ឃ្មុំ​រួចមក​ នៅ​ថ្ងៃទី​២៩​ ខែ​កញ្ញា​ ឆ្នាំ២០១៧នេះ ក្រុម​មេធាវី​សម្រេច​ដាក់​បណ្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​បន្ត​ទៀត​ ដើម្បី​ប្រឆាំង​នឹង​ដីកា​សម្រេច​ឃុំ​ខ្លួន ​លោក ​កឹម​ សុខា​។​

លោក​មេធាវី​ សំ​ សុគង់​ ការពារក្តីឲ្យលោ កឹម សុខា បានថ្លែង​ថា «​ក្រុម​មេធាវី​ប្តឹង​នឹង​សេចក្ដី​សម្រេច​ទាំង​មូល​ នៃ​សាលដីកា​ របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​»

សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ នៅថ្ងៃទី២៦ ខែកញ្ញា​​​​ ឆ្នាំ២០១៧ បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ចំពោះមេធាវីរបស់ជនត្រូវចោទ ដែលជាអ្នកប្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាឃុំខ្លួន របស់ជនត្រូវចោទ។​ ប៉ុន្តែបែរជាធ្វើពហិការដើរចេញ មិនបាននៅលើកពីមូលហេតុ នៃបណ្តឹងឧទ្ធរណ៍របស់ខ្លួន នៅក្នុងបន្ទប់សវនាការទៅវិញ។

សេចក្តីប្រកាសព័ត៌មានរបស់ លោក​ ទូច​ ថារិទ្ធិ​ អ្នកនាំពាក្យសាលាឧទ្ធរណ៍​ បញ្ជាក់ទៀតថា ការបកស្រាយពីការប៉ះពាល់ដល់សិទ្ធិ របស់ជនត្រូវចោទរបស់ ក្រុមមេធាវីការពារ លោក កឹម សុខា ជាសាធារណៈ មិនមានលក្ខណៈត្រឹមត្រូវឡើយ។ សូមបញ្ជាក់ថា សំណុំរឿងនេះ គឺជាសំណុំរឿងមុខអង្គសេចក្តី មិនមែនជាសំណុំរឿងអង្គសេចក្តី ដែលចាំបាច់ត្រូវមានជនជាប់ចោទទេ ភាពខុសគ្នានេះ គឺមានចែងក្នុងច្បាប់ច្បាស់លាស់។

សាលាឧទ្ធរណ៍បញ្ជាក់ថា «នៅក្នុងដំណាក់កាលស៉ើបសួរឈ្មោះ កឹម សុខា មានឋានៈជាជនត្រូវចោទនៅឡើយ ដូច្នេះការលើកយកតាមមាត្រា៣០០ និង៣០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ របស់ក្រុមមេធាវីការពារឲ្យឈ្មោះ កឹម សុខា ដើម្បីទាមទារ ឲ្យមានវត្តមានជនត្រូវចោទក្នុងសវនាការ គឺជាការយល់ច្រឡំធ្ងន់ធ្ងរណាស់ ព្រោះមាត្រានេះចែក មានអត្ថន័យទាក់ទងនឹងជនជាប់ចោទ ដូច្នេះការលើកឡើងរបស់ក្រុមមេធាវីនេះ ហាក់បែរជាទទួលស្គាល់ថា ឈ្មោះ កឹម សុខា គឺជាជនជាប់ចោទ»

សូមជម្រាបថា ក្រោយ​បញ្ចប់​ការ​សួរ​ដេញដោល​ជា ​អសាធារណៈ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​កញ្ញា​ នេះ​ លោក​ ឃុន​ លាង​ម៉េង​ អនុ​ប្រធាន​សាលាឧទ្ធរណ៍​ និង​ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សភា​ស៊ើបសួរ​ សម្រេច​តម្កល់​ការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល​ ពោលគឺ​ បន្ត​ឃុំ​ខ្លួន​លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ពន្ធនាគារ​ដដែល​ ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ទូច​ ថារិទ្ធិ​ អគ្គ​លេខា​ធិការ​រង​ និង​ជា​អ្នក​ពាក្យ​សាលាឧទ្ធរណ៍​៕