(តាកែវ)៖ មន្ដ្រីនគរបាលជាន់ខ្ពស់ខេត្តតាកែវ បានបញ្ចេញប្រតិកម្មចំពោះសកម្មភាពនគរបាលមួយក្រុម មកពីក្រសួងមហាផ្ទៃ គឺនៅនាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន បានទៅជំរិតទារប្រាក់ពីប្រជាពលរដ្ឋនៅអ្នករកស៊ី នៅក្នុងមូលដ្ឋានរបស់ខេត្តតាកែវ ដែលធ្វើហួសពីភារកិច្ច នៅក្នុងលិខិតបេសកកម្មរបស់ខ្លួន។

មន្ដ្រីនគរបាលខេត្តតាកែវ បានចាត់ទុកថា សកម្មភាពរបស់ពួកគេអាចធ្វើឲ្យប៉ះពាល់យ៉ាងដល់សតិអារម្មណ៍ប្រជាពលរដ្ឋ អ្នករកស៊ី និងរដ្ឋាភិបាលទៀតផង។

នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ អធិការនគរបាលស្រុកកោះអណ្ដែត លោក ជា សុផាត បានផ្ញើរបាយការណ៍ជូនទៅស្នងការនគរបាលខេត្ត ពាក់ព័ន្ធទៅនឹងសកម្មភាពរបស់ លោកឧត្តមសេនីយ៍ផ្កាយ១ សំ ពិសី អនុប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន និងសហការី ដែលបានចុះទៅសុំប្រាក់ពីអ្នករកស៊ីកែច្នៃគ្រឿងសង្ហារឹម ស្ថិតនៅឃុំមេញ ចំនួន៥០ម៉ឺនរៀល។

របាយការណ៍របស់លោកអធិការ បានបញ្ជាក់ថា ក្រុមនគរបាលទាំងនេះបានបង្ហាញលិខិតបង្គាប់ការ ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧របស់នាយឧត្តមសេនីយ៍ ឌុល គឿន ដែលពួកគេចុះមកធ្វើការងារនៅក្នុងមូលដ្ឋានខេត្តតាកែវ។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក គង់ សំអូន ស្នងការរងនគរបាលខេត្តតាកែវ បានចាត់ទុកថា សកម្មភាពរបស់ពួកគេពិតជាហួសហេតុ និងធ្វើខុសពីខ្លឹមសារនៅក្នុងលិខិតបង្គាប់ការ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សតិអារម្មណ៍ របស់ប្រជាពលរដ្ឋអ្នករកស៊ី និងមុខមាត់រដ្ឋាភិបាលតែម្ដង។

យោងតាមលិខិតបង្គាប់ការ របស់នាយឧត្តមសេនីយ៍ ឌុល គឿន បានចាត់តាំងលោកឧត្តមសេនីយ៍ទោ សោម សោភ័ណ ទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង ឲ្យទៅបំពេញបេសកកម្មការងារ របស់គណៈកម្មការស្ដីពីវិធានការណ៍ បង្កើនប្រសិទ្ធភាពក្នុងការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ការបង្ក្រាបបទល្មើស ការសាងសង់សំណង់ និងប៉ុស្ដិ៍អាណាធិបតេយ្យនានា នៅខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល និងខេត្តតាកែវ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ រួមជាមួយ មន្ដ្រីជំនាញ១៤រូប អមដោយរថយន្ដ៥គ្រឿង និងអាវុធ១១ដើម។

ក្រុមប្រជាពលរដ្ឋមួយចំនួន ដែលដឹកឥវ៉ាន់បន្តិចបន្តួច ពីព្រំដែនប្រទេសវៀតណាម បានថ្លែងឲ្យដឹងថា មន្រ្តីនគបាលទាំងអស់នោះ បានឃាត់រថយន្តរបស់គាត់ហើយ គោះយកលុយ ដោយគំរាមគាត់ថា និងរឹបអូសទំនិញយកទៅរក្សាទុកនៅក្រសួងមហាផ្ទៃ ព្រោះពួកគេជាសមត្ថកិច្ចដែលមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃម្នាក់ បញ្ជូនឲ្យមកមើលការនាំទៅទំនិញចូលតាមច្រកខេត្តតាកែវនេះ។

ដោយឡែក ប្រជាពលរដ្ឋម្នាក់ទៀត ដែលរស់នៅក្នុងស្រុកកោះអណ្ដែត ដែលមានមុខរបបលក់តុ ទូ បានដាក់ពាក្យបណ្ដឹងមកអធិការនគបាលស្រុកកោះអណ្ដែត ដោយបានប្ដឹងពីមន្រ្តីនគបាលក្រសួងមហាផ្ទៃ ដែលបានមកជំរិតទារប្រាក់ពីគាត់។ ពួកមន្រ្តីនគបាលទាំងអស់នោះ បានជម្រិតទារប្រាក់ចំនួន៥០ម៉ឺនរៀល ជាថ្នូរក្នុងការមិនរឹបអូសយកសម្ភារ តុ ទូ គាត់ ដោយចោទថា សិប្បកម្មគាត់ជាសិប្បកម្មខុសច្បាប់ គ្មានការអនុញ្ញាត។

សមត្ថកិច្ចនៅតាមព្រំដែន បានលួចបង្ហើបឲ្យដឹងថា មន្រ្តីមួយក្រុមមកពីក្រសួងមហាផ្ទៃនេះត្រូវបានលោក ឌុល គឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបញ្ជូន មកដោយមានលិខិតឧទ្ទេសនាមថា ជាមន្រ្តីគណៈកម្មាធិការត្រួតពិនិត្យការសាងសង់សំណង់ខុសច្បាប់ តាមបន្ទាត់ព្រំដែន និងប្រឆាំងបទល្មើសឆ្លងដែន ដោយដឹកនាំដោយលោកឧត្តមសេនីយ៏ទោ សែម សុភ័ណ្ឌ ជាប្រធាន និងលោកឧត្តមសេនីយ៍ត្រី សំ ពិសី ជាអនុប្រធាន។ លិខិតឧទ្ទេសនាមនោះក៏បានផ្ញើមកឲ្យសាលាខេត្តដឹងលឺផងដែរ។

បើតាមសមត្ថកិច្ចព្រំដែនច្រកទ្វារភ្នំដិន នគរបាលទាំងអស់នោះ មានតួនាទីតែពិនិត្យមើលសំណង់សាងសង់ខុសច្បាប់ នៅតាមបន្ទាត់ព្រំដែន និងបទល្មើសឆ្លងដែនតែប៉ុណ្ណោះ ក៏ប៉ុន្តែពួកគេបានធ្វើហួសពីតួនាទី និងភារកិច្ច ដោយបានជំរិតទារលុយពីអ្នករកស៊ីដឹកទំនិញពីព្រំដែន និងបានដើរជំរិតទារលុយពីបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តតាកែវដែលបើករបបរកស៊ីបន្តិចបន្តួច ហើយឥឡូវនេះ មានបងប្អូនប្រជាពលរដ្ឋមួយចំនួន បាននាំគ្នាដាក់ពាក្យបណ្ដឹងមកកាន់អធិការដ្ឋាននគបាលស្រុកកោះអណ្ដែត និងស្រុកទ្រាំងផងដែរ។ ក្រុមប្រជាពលរដ្ឋបានស្នើសុំឲ្យថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ជួយពិនិត្យមើលសកម្មភាពមន្រ្តីទាំងអស់នេះផង។

ព្រោះពួកគេកំពុងតែបង្កការថ្នាំងថ្នាក់ចំពោះប្រជាពលរដ្ឋ និងបានធ្វើឲ្យប៉ះពាល់ដល់មុខមាត់មន្រ្តីនគបាលជាតិ ក្នុងខេត្តតាកែវ ដែលបានខិតខំបំរើប្រជាពលរដ្ឋយ៉ាងសកម្ម។ ប្រជាពលរដ្ឋសង្ឃឹមថា ថ្នាក់ដឹកនាំក្រសួងនឹងចាត់វិធានការណ៍ចំពោះមន្រ្តីទាំងអស់នោះ ដោយមិនបណ្ដែតបណ្ដោយឲ្យមន្រ្តីមួយក្រុមនេះធ្វើព្យុះធ្វើភ្លៀង តាមអំពើចិត្តដែលនាំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋបន្តទៅទៀតនោះទេ។

នៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក សំ ពិសី បានឆ្លើយតបតាមរយៈ Fresh News ថាលោកមិនបានយកលុយពលរដ្ឋនោះទេ ដោយគ្រាន់តែទៅទប់ស្កាត់កន្លែងស្ដុកឈើ ដែលបម្រុងនាំចេញទៅវៀតណាមតែប៉ុណ្ណោះ។

លោកឧត្តមសេនីយ៍ត្រី សំ ពិសី បានបញ្ជាក់ថា លោក និងសហការី មិនបានចុះទៅយកលុយពីពលរដ្ឋ​អ្នករកស៊ីកែច្នៃគ្រឿងសង្ហារឹម ស្ថិតនៅឃុំមេញ ចំនួន៥០ម៉ឺនរៀលនោះទេ ដោយលោកគ្រាន់តែទៅត្រួតពិនិត្យនៅតាមតំបន់មាត់ទន្លេ ​ក៏ឃើញ​ទីតាំងស្ដុកឈើមួយចំនួន ហើយទប់ស្កាត់ឈើដែលបម្រុងនាំចេញ ទៅប្រទេសវៀតណាមតែប៉ុណ្ណោះ៕