(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឧបត្ថម្ភថវិកាចំនួន ១០០លានរៀល ដល់ព្រឹទ្ធាចារ្យកុសល្យវោហារ គង់ ណៃ និងឧបត្ថម្ភដល់លោកព្រឹទ្ធាចារ្យភិរម្យ ប្រាជ្ញា ឈួន ចំនួន ២០លានរៀល។ សម្ដេចតេជោ ហ៊ុន សែន ក៏បានបំពាក់មេដាយកិត្តិយស «ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍» ជូនព្រឹទ្ធាចារ្យទាំង២ផងដែរ។

ក្នុងពិធីអបអរសាទរដល់លោកព្រឹទ្ធចារ្យកោសល្យលវោហារ គង់ ណៃ ដែលបានទទួលពានរង្វាន់សិល្បៈវប្បធម៌ នៅទីក្រុងហ្វុគុអូកា ប្រទេសជប៉ុន នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីវិស័យសិល្បៈកម្ពុជាក្រោយពេលប្រទេសរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលកាលនោះមានភាពកម្សត់កម្រខ្លាំង។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវមោទនភាពលើវិស័យសិល្បៈរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ ដែលមានការរីកចម្រើន ហើយសម្តេចក៏បានអរគុណដល់អ្នកសិល្បៈទាំងអស់ ដែលប្រឹងប្រែងរួមគ្នាឆ្លងកាត់ស្ថានភាពដ៏លំបាក។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា បើក្រឡេកពីស្ថានភាពរបស់ប្រទេសកម្ពុជាកាលពីអតីតកាល គឺគេលំបាកយល់ ព្រោះថាស្ថានភាពនាពេលបច្ចុប្បន្ន ខុសគ្នាឆ្ងាយណាស់ ហើយគេក៏ប្រហែលមិនបានដឹងថា កម្ពុជាពីអតីតកាលបានឆ្លងកាត់ការលំបាកយ៉ាងណាខ្លះនោះទេ ជាក់ស្ដែងនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយក្រោយរំដោះភ្លាមៗ ការសម្ដែងល្ខោនវិញ តួល្ខោនសុទ្ធតែកាន់កាំភ្លើង សូម្បីតែតួយក្ស។

ឆ្លើយតបទៅនឹងការទទួលជោគជ័យរបស់លោកតា គង់ ណៃ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងអបអរសាទរ ចំពោះការទទួលបានពានរង្វាន់សិល្បៈ និងវប្បធម៌ ក្រុងហ្វូគុអូកា របស់រដ្ឋាភិបាលជប៉ុន ដែលនេះគឺជោគជ័យសម្រាប់ជាតិកម្ពុជា ទាំងមូលលើវិស័យសិល្បៈ ពីស្ថានភាពមួយដ៏លំបាកលំបិន។

ក្រៅពីការថ្លែងពីសិល្បៈបុរាណ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ចម្រៀងសម័យ និងបុរាណ ត្រូវតែផ្សារភ្ជាប់គ្នា បើគ្មានបុរាណ មិនដឹងថាសម័យកើតពីទីណាមកនោះទេ ដូច្នេះមិនត្រូវខ្វះមួយណាដាច់ខាត។

សូមបញ្ជាក់ថា លោកព្រឹទ្ធាចារ្យ គង់ ណៃ និង ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន គឺជាអ្នកសិល្បៈចំណាស់ជាងគេនៅកម្ពុជាផ្នែកចាប៉ីដងវែង ដ៏មានវោហាស័ព្ទ និងល្បាញល្បី។ មកដល់ពេលបច្ចុប្បន្ននេះ លោកព្រឹទ្ធាចារ្យ គង់ ណៃ មានជន្មាយុ ៧២ឆ្នាំ ខណៈព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន មានជន្មាយុ ៨១ឆ្នាំ។

ព្រោះតែការមានស្នាដៃច្រើនលើសិល្បៈចាប៉ីដងវែង នៅពេលថ្មីៗនេះ ព្រឹទ្ធាចារ្យ គង់ ណៃ ត្រូវរដ្ឋាភិបាលជប៉ុន ផ្តល់រង្វាន់ «សិល្បៈ និងវប្បធម៌ហ្វឹគឹអុកា» ឆ្នាំ២០១៧។ ពានរង្វាន់សិល្បៈ និងវប្បធម៌ហ្វឹគឹអុកា ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៩០ នៅទីក្រុងហ្វឹគឹអុកាប្រទេសជប៉ុន ដែលបាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការលើកស្ទួយការផ្លាស់ប្តូរវប្បធម៌ ជាមួយបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ី រួមមានប្រទេសកម្ពុជាផងដែរ។

ពានរង្វាន់នេះ ត្រូវបានប្រគល់ជូនបុគ្គលដែលមានស្នាដៃឆ្នើមក្នុងតំបន់អាស៊ី ពាក់ព័ន្ធផ្នែកអប់រំ សិល្បៈ និងវប្បធម៌ ដូចជា លោក ឆេង ផុន អតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអ្នកនិពន្ធរឿងល្ខោន ដែលមានជំនាញខ្ពស់ធ្លាប់បានទទួលពានរង្វាន់នេះក្នុងឆ្នាំ១៩៩៧ និងលោក អាំង ជូលាន នវវិទូដ៏ចំណាន និងជាអ្នកស្រាវជ្រាវខេមរសិក្សាបានទទួលពានរង្វាន់នេះក្នុងឆ្នាំ២០១១៕