(កំពង់ចាម)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ បានអញ្ជើញចុះសំណេះសំណាល និងចែករង្វាន់លើកទឹកចិត្តដល់សិស្សដែលប្រឡងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ចំនួន១៥២នាក់ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម។

លោក ខៀវ កាញារីទ្ធ បានថ្លែងថា «សិស្សមធម្យមសិក្សាទុតិយភូមិ​ នៃវិទ្យាល័យទូទាំងស្រុកកោះសូទិន ខេត្តកំពង់ចាម ឆ្នាំ២០១៧នេះ​ បានប្រឡងជាប់សញ្ញាបត្រប្រមាណជា ៤០ភាគរយ ដែលជាចំនួនមួយច្រើនជាងពីសង្គមចាស់ ដែលជំនាន់លោក នៅសិក្សាគឺសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានតែ២០ ឬ ៣០ភាគរយប៉ុណ្ណោះ»

លោករដ្ឋមន្រ្តី បានបន្តថា ចំនួនកើនឡើងនៃការប្រឡងជាប់នេះ បង្ហាញឲ្យឃើញពីភាពរីកចំរើនក្នុងវិស័យអប់រំ ក្នុងស្រុកកោះសូទិន ក៏ដូចជានៅទូទាំងប្រទេស ហើយគុណភាពនៃការអប់រំ កាន់តែត្រូវបានពង្រឹងជាបន្តបន្ទាប់។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានលើកទឹកចិត្ត ដល់សិស្សដែលជាប់សញ្ញាបត្រនិទ្ទេសមិនល្អទាំងអស់ថា ការយើងសិក្សានៅវិទ្យាល័យ គឺយើងរៀនឲ្យបានជាប់សញ្ញាបត្រសិន តែដល់ពេលយើងចូលមហាវិទ្យាល័យ គឺយើងត្រូវរៀនឲ្យចេះ ព្រោះថាជាចំណេះវិជ្ជាមួយសម្រាប់ការអភិវឌ្ឍខ្លួនយើង និងសម្រាប់អាជីពក្នុងការប្រកបមុខរបរ ឬក៏ការងារចិញ្ចឹមជីវិតយើងជារៀងរហូត។

លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ចំណុចសំខាន់រៀននៅមហាវិទ្យាល័យ គឺការរៀនគិត ពិចារណា សិក្សាស្រាវជ្រាវ ឲ្យបានស៊ីជម្រៅ ហើយមុននឹងយើងជ្រើសរើសយកមុខវិជ្ជាណាមួយ សម្រាប់បន្តសិក្សានៅមហាវិទ្យាល័យនោះ យើងមិនត្រូវមើលតាមគ្នានោះទេ ត្រូវជ្រើសរើសមុខវិជ្ជាណាដែលខ្លួនចូលចិត្ត ពេញចិត្តនឹងសិក្សាបន្តទើបបានជោគជ័យ។

លោករដ្ឋមន្រ្តី បានបន្ថែមទៀតថា នៅសតវត្សទី២១នេះ ជាសតវត្សនៃសេដ្ឋកិច្ចផ្នែកពុទ្ធិ មានន័យថាសេដ្ឋកិច្ច ប្រើដោយខួរក្បាលឆ្លាតវៃរបស់មនុស្ស ដែលមានចំណេះដឹងខ្ពស់ អាចប្រកួតប្រជែងជាមួយគ្នា បាននៅលើពិភពលោក។ ដូច្នេះយើងត្រូវប្រឹងសិក្សារៀនសូត្រ ស្វែងយល់ ស្រាវជ្រាវ ពិសេសតាមរយៈប្រព័ន្ធអ៊ីនធឺណែន ដែលបង្កឲ្យមានភាពងាយស្រួលដល់យើងក្នុងការបើក ឬស្រាវជា្រវនូវឯកសារផ្សេងៗបាន។

សូមបញ្ជាក់ថា ក្នុងចំណោមសិស្សប្រឡងជាប់សញ្ញាបត្រទុតិយភូមិចំនួន ១៥២នាក់ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម មាននិទ្ទេស A ចំនួនម្នាក់ លោករដ្ឋមន្រ្តីជូនរង្វាន់លើកទឹកចិត្តនូវម៉ូតូ០១គ្រឿង និងថវិកា ២០ម៉ឺនរៀល សិស្សនិទ្ទេស B ចំនួន ០៥នាក់ ក្នុងម្នាក់ៗជូនរង្វាន់លើកទឹកចិត្តនូវ កុំព្យួទ័រយួដៃ ០១គ្រឿង និងថវិកា ១០ម៉ឺនរៀល រីឯសិស្សប្រឡងជាប់ និទ្ទេស C ដល់ E ជូនថវិកាចំនួន ៤ម៉ឺនរៀល ក្នុងម្នាក់ៗ ។

លោកគ្រូអ្នកគ្រូ ចំនួន ៥០នាក់ លោករដ្ឋមន្រ្តី ជូនថវិកាចំនួន ១០ម៉ឺនរៀល ក្នុងម្នាក់ៗ និងជូនថវិកាដល់នាយកសាលានៃវិទ្យាល័យទាំង៤ នៅក្នុងស្រុកកោះសូទិន ចំនួន ១០ម៉ឺនរៀល ក្នុងម្នាក់ៗ ៕