(បាត់ដំបង)៖ ភាគីថៃបានប្រកាសពន្យាពេលតម្លើងច្រកព្រំដែនគីឡូ១៣ (ភ្នំដី) ទៅជាច្រកទ្វារអន្តរជាតិ នៅពេលក្រោយ បន្ទាប់ពីក្រសួងមហាផ្ទៃរបស់ខ្លួនចេញប្រកាសមិនទាន់។ តាមការគ្រោងទុកអាជ្ញាធរខេត្តបាត់ដំបង និងអាជ្ញាធរស្រុកស្រះកែវ ប្រទេសថៃ គ្រោងតម្លើងច្រកទ្វារនេះ ទៅជាច្រកទ្វារអន្តរជាតិនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ។

មន្រ្តីសាលាខេត្តបាត់ដំបង បានប្រាប់ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ប្រចាំខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះថា ពិធីសម្ភោធតម្លើងច្រកទា្វរគីឡូ១៣ ទៅជាច្រកអន្តរជាតិនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ តែពេលនេះត្រូវពន្យាពេលសិន ដោយសារខាងសាលាខេត្តស្រះកែវ ប្រទេសថៃ បានតេមកប្រាប់ភាគីខ្មែរថា «សុំទោស សុំលើកទៅថ្ងៃក្រោយវិញ មូលហេតុក្រសួងមហាផ្ទៃថៃ ចេញប្រកាសឲ្យមិនទាន់»។

សូមបញ្ជាក់ថា អភិបាលខេត្តបាត់ដំបង លោក ច័ន្ទ សុផល បានចេញសេចក្តីសម្រេចមួយ នៃការបង្កើតគណៈកម្មការរៀបចំចាត់ចែងពិធីប្រកាសជាផ្លូវការ តម្លើងច្រកទា្វរតំបន់ភ្នំដី (គីឡូលេខ១៣) ទៅជាច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ ដែលមានប្រធាន អនុប្រធាន និងសមាជិកទាំងអស់ចំនួន២២រូប។

យោងតាមសេចក្តីសម្រេចនេះបានបញ្ជាក់ថា​ លោក ងួន រតនៈ អភិបាលរងខេត្ត ត្រូវបានតែងតាំងជាប្រធាន, លោក សឿម ប៊ុនរិទ្ធិ នាយករដ្ឋបាលសាលាខេត្តជាអនុប្រធាន និងលោក ឃឹម ទិព្វមុនី ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនភ្នំដី (គីឡូលេខ១៣)ជាអនុប្រធានអចិន្ត្រៃយ៍ អមដោយសមាជិកចំ​នួន១៩រូបថែមទៀត។

សូមរំលឹកថា ច្រកអន្ដរជាតិដែលស្ថិតនៅតាមព្រំដែនរវាងប្រទេសកម្ពុជា ជាមួយប្រទេសឡាវ ថៃ និងវៀតណាម មានជាង១០ច្រករួមមាន៖ ច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ច្រកទ្វារអន្ដរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ច្រកទ្វារអន្ដរជាតិបាវិត ក្នុងខេត្តស្វាយរៀង, ច្រកទ្វារអន្ដរជាតិព្រែកចាក ខេត្តកំពត, ច្រកទ្វារអន្ដរជាតិត្រពាំងគ្រៀល ក្នុងខេត្តស្ទឹងត្រែង, ច្រកទ្វារអន្ដរជាតិត្រពាំងស្រែ ក្នុងខេត្តក្រចេះ, ច្រកទ្វារអន្ដរជាតិអូរយ៉ាដាវ ក្នុងខេត្តរតនគិរី, ច្រកទ្វារអន្ដរជាតិភ្នំឌិន ក្នុងខេត្តតាកែវ, ច្រកទ្វារអន្ដរជាតិស្ទឹងបត់ ក្នុងខេត្តបន្ទាយមានជ័យ, ច្រកទ្វារអន្ដរជាតិចាំយាម ក្នុងខេត្តកោះកុង, ច្រកទ្វារអន្ដរជាតិព្រំ ក្នុងខេត្តប៉ៃលិន, ច្រកទ្វារអន្ដរជាតិអូរស្មាច់ ក្នុងខេត្តបន្ទាយមានជ័យ, ច្រកទ្វារអន្ដរជាតិជាំ ក្នុងខេត្តឧត្តរមានជ័យ, ច្រកទ្វារអន្ដរជាតិអានសេះ ក្នុងខេត្តព្រះវិហារ, ច្រកទ្វារអន្ដរជាតិអូរនាង ក្នុងខេត្តបន្ទាយមានជ័យ ច្រកទ្វារអន្តរជាតិបន្ទាយចក្រី ក្នុងខេត្តព្រៃវែង និងច្រកទ្វារអន្ដរជាតិរកាជាដើម៕