(កំពត)៖ ផ្សាររួមដំបូងគេរបស់សម្ព័ន្ធសមាគមជលផលសមុទ្រកម្ពុជា ដើម្បីបង្កើនចង្វាក់តម្លៃ និងពង្រីកការនាំចេញជលផលសមុទ្រកម្ពុជា ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ ត្រូវបានដាក់សម្ពោធជាផ្លូវការហើយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ។ ពិធីបើកឲ្យដំណើរការផ្សារនេះធ្វើឡើងក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក ចាន់ ជេស្តា អភិបាលខេត្តកំពត។

ផ្សាររួមនេះត្រូវបានបង្កើតឡើងក្រោមហិរញ្ញប្បទានរបស់គម្រោងជលផលសមុទ្រនៃកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជា (CEDEP II) ដំណាក់កាលទី២ ក្នុងទំហំទឹកប្រាក់ ៥,០០០ដុល្លារសហរដ្ឋអាមេរិក ដែលមាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងពាណិជ្ជកម្ម ជាអ្នកសម្របសម្រួល និងអនុវត្តន៍ដោយអភិវឌ្ឍន៍វិស័យឯកជន សហការជាមួយអង្គការសហប្រជាជាតិអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO)។

ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា វិស័យជលផល ជានិមិត្តរូបតំណាងឱ្យប្រភពដ៏សំខាន់នៃរូបិយប័ណ្ណជាតិ ដែលបានផ្ដល់ផលចំណេញដល់ប្រជានេសាទ និងភាគីពាក់ព័ន្ធក្នុងប្រទេសកម្ពុជា ប្រមាណជាង ៦លាននាក់។ លោកបានបន្តទៀតថា ផ្សាររួមនេះនឹងដើរតួជាមជ្ឈមណ្ឌលសេវាកម្ម និងផ្តល់ព័ត៌មានរវាងអ្នកលក់ និងអ្នកទិញផលនេសាទសមុទ្រ ជាពិសេសផ្តល់ឱកាសជូនប្រជានេសាទ និងសមាជិកសម្ព័ន្ធសមាគមជលផលសមុទ្រកម្ពុជា ធ្វើការដាក់លក់ជលផលសមុទ្រ ដើម្បីបង្កើនប្រាក់ចំណូលសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ។

លោករដ្ឋមន្រ្តីពាណិជ្ជកម្ម បានបញ្ជាក់ថា «ខ្ញុំសូមជូនពរឲ្យដំណើរការលក់ក្នុងផ្សាររួមនេះ ប្រព្រឹត្តិទៅដោយរលូន និងបានជាឧត្តមប្រយោជន៍សម្រាប់ប្រជានេសាទ និងសមាជិកសម្ព័ន្ធសមាគមជលផលសមុទ្រកម្ពុជា»

ទន្ទឹមគ្នានេះ លោក ចាន់ ជេស្តា ក៏បានសម្តែងការស្វាគមន៍ចំពោះវត្តមានរបស់ផ្សាររួមនៃសម្ព័ន្ធសមាគមជលផលសមុទ្រកម្ពុជា និងបានបង្ហាញជំនឿថា ផ្សាររួមនេះ នឹងជួយបង្កើតការងារ និងប្រាក់ចំណូលបន្ថែមជូនប្រជាជន ព្រមទាំងបង្កើនសកម្មភាពពាណិជ្ជកម្មនៅក្នុងខេត្តកំពតផងដែរ។ លោកអភិបាល ក៏បានថ្លែងអំណរគុណដល់ក្រសួងពាណិជ្ជកម្ម និងអង្គការ UNIDO ព្រមទាំងសម្ព័ន្ធសមាគមជលផលសមុទ្រកម្ពុជា ដែលបានសហការបង្កើតឲ្យមានផ្សាររួមនេះឡើង។

នៅក្នុងយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា CTIS ដែលធ្វើបច្ចុប្បន្នភាព ដោយរាជរដ្ឋាភិបាល កាលពីដើមឆ្នាំ ២០១៤ វិស័យជលផល ត្រូវបានចាត់ទុកជាផលិតផលអទិភាព ដែលមានសក្តានុពលក្នុងការនាំចេញទៅកាន់ទីផ្សារពិភពលោក។ រៀងរាល់ឆ្នាំ កម្ពុជាបាននាំចេញផលនេសាទទៅកាន់ប្រទេសចិន, សិង្ហបុរី, ជប៉ុន, កូរ៉េខាងត្បូង, អូស្ត្រាលី, សហរដ្ឋអាមេរិក, ថៃឡងដ៏, និងវៀតណាម ក្នុងចន្លោះពី ២៥ ទៅ ៣០ពាន់តោន ហើយជប៉ុន គឺជាប្រទេសដែលនាំចូលដ៏ធំជាងគេ៕