(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយម្លាំងកងរាជអាវុធហត្ថក្រុងច្បារមន និងមន្ទីរយុត្តិធម៌ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចុះបង្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ ដកហូតកាំភ្លើងខ្លីមួយដើម ម៉ូតូ២គ្រឿង រួមជាមួយថ្នាំញៀន២កញ្ចប់ធំ និងសម្ភារៈប្រើប្រាស់មួយចំនួន ស្ថិតនៅចំណុច ភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ស្ពឺ ឲ្យដឹងថា ដោយមានការសម្របសម្រួល ពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ស្ពឺ បានដេញបង្ក្រាបជនសង្ស័យចំនួន២នាក់ តាំងពីក្រោយផ្សារកំពង់ស្ពឺ រហូតពួកគេបានរត់ចូលផ្ទះ មុនបានចូលផ្ទះជនសង្ស័យបានបោះ ចោលគ្រឿងញៀន និងសម្ភារធ្វើសកម្មភាពមួយចំនួនតាមផ្លូវ តែត្រូវពលរដ្ឋរើសយកបាត់អស់។

លោកមេបញ្ជាការ បានបន្តថា ទោះជាយ៉ាងណាកម្លាំងនៅតែបន្តបង្ក្រាបករណីជួញដូរចែកចាយគ្រឿងញៀននេះ នៅភូមិឃុំខាងលើទទួលបាន ជោគជ័យ ដោយឃាត់បានខ្លួនជនសង្ស័យចំនួន៤នាក់ ទី១៖ ឈ្មោះ យី សំបូរ អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសង្កាត់ ខាងលើ (ជាមេចែកចាយគ្រឿងញៀន), ទី២៖ ឈ្មោះ នូន សារិទ្ធឌី អាយុ១៨ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅជាមួយគ្នា (ជាអ្នកដើរចែកចាយ), ទី៣៖ ឈ្មោះ កែម សារិទ្ធ អាយុ៥១ឆ្នាំ មុខរបរប្រធានរដ្ឋបាលមន្ទីរផែនការខេត្តកំពង់ស្ពឺ មានទីលំនៅជាមួយគ្នា (ជាម្ចាស់ផ្ទះ) និងជាឪពុកជនសង្ស័យ, និង ទី៤៖ ឈ្មោះ ម៉ាក់ សុម៉ាលី ភេទស្រី អាយុ២៦ឆ្នាំ មុខរបរលក់ដូរ មានទីលំជាមួយគ្នា (ជាប្រពន្ធរបស់មេចែកចាយឈ្មោះ យី សំបូរ)។

ដកហូតបានសម្ភារៈ រួមនឹងវត្ថុតាងមួយចំនួនរួមមាន៖ ថ្នាំញៀនម៉ាទឹកកកចំនួន២កញ្ចប់ធំ ស្មើរនឹង២០៤,៣៥ក្រាម, ជញ្ជីងថ្លឹងថ្នាំ១, កាំភ្លើងខ្លី១ដើម ម៉ាក BERETTA (បាញ់គ្រាប់ជ័រ) រួមនឹងគ្រាប់ជ័រ១០០គ្រាប់, ម៉ូតូសម្រាប់ធ្វើ មធ្សោបាយចែកចាយចំនួន២គ្រឿង, ដប់ថ្នាំសំរាប់ជក់១។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមនឹងវត្ថុតាងត្រូវបានកងរាជអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តតាមនីតិវិធីច្បាប់៕