(ភ្នំពេញ)៖ ឆ្លើយតបសំណើរសុំជួបសួរសុខទុក្ខលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅពន្ធនាគារត្រពាំងផ្លុង ឬម៣ ដែលគ្រោងធ្វើឡើងនៅវេលាម៉ោង០៩ព្រឹក ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ ពីសំណាក់តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិនោះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឬទ្ធី បានបដិសេធដោយលើកហេតុផលថា សំណុំរឿងរបស់លោក កឹម សុខា កំពុងស្ថិតក្នុងចំណាត់ការស៊ើបសួរ និងស្រាវជ្រាវប្រមូលភ័ស្ដុតាងនានា។ នេះបើយោងតាមលិខិតរបស់លោកចៅក្រម គី ឬទ្ធី ផ្ញើជូនលោក សួន រីដា អ្នកតំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺ របស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧។

យោងតាមលិខិតរបស់លោកចៅក្រម ដែលបណ្ដាញព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច បានបញ្ជាក់ថា «សំណុំរឿងនេះកំពុងស្ថិតក្នុងចំណាត់ការស៊ើបសួរ និងស្រាវជ្រាវ ប្រមូលភ័ស្ដុតាងនានា ហើយចៅក្រមមិនទាន់បានសាកសួរ ជនត្រូវចោទនៅឡើយ ហេតុនេះការចូលជួប ឬសួរសុខទុក្ខអាចអនុញ្ញាតឲ្យបានតែមេធាវី និងក្រុមគ្រួសារជនត្រូវចោទដែលមិនទាន់ទិន នៅក្នុងរឿងតែប៉ុណ្ណោះ។ សម្រាប់អ្នកដទៃផ្សេងទៀត ការចូលសួរសុខទុក្ខអនុញ្ញាតឲ្យបាន ក្រោយពីចៅក្រម បានបំពេញកិច្ចចាំបាច់មួយចំនួនសិន»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧​ លោក សួន រីដា បានដាក់លិខិតទៅលោកចៅក្រម គី ឬទ្ធី ដើម្បីចូលសួរសុខទុក្ខ លោក កឹម សុខា នៅក្នុងពន្ធនាគារត្រពាំងថ្លុងជាមួយថ្នាក់ដឹកនាំ និងតំណាងរាស្ដ្រផ្សេងទៀត នៅវេលាម៉ោង០៩ព្រឹក ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧៕