(ភ្នំពេញ)៖ លោកបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា ហៅថា NIPTICT ដែលជាសាកលវិទ្យាល័យទី១នៅកម្ពុជា ដែលជំនាញផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា (ICT) បានថ្លែងអះអាងថា នៅប្រទេសកម្ពុជា មានតម្រូវការធំធេងខ្លាំងណាស់ សម្រាប់អ្នកជំនាញ ICT ប៉ុន្តែអ្នកជំនាញនេះបើជាមានតិចតួចនៅឡើយ។
ការថ្លែងយ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមផ្តល់កិច្ចសម្ភាសន៍ ក្នុងកម្មវិធី សង្គម និងសេដ្ឋកិច្ច របស់បណ្តាញសារព័ត៌មាន Fresh News។
ទន្ទឹមនឹងការខ្វះខាតអ្នកជំនាញ ICT នេះ លោកបណ្ឌិត សេង សុភាព ក៏បានជំរុញលើកទឹកចិត្តឲ្យ សិស្ស ដែលទើបបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលថ្មីៗនេះ សិក្សាជំនាញ ជំនាញ ICT ព្រោះវាជាជំនាញមួយដ៏ល្អ ដែលនឹងផ្ដល់ជម្រើសល្អ ក្នុងឱកាសការងារនៅលើទីផ្សា ទាំងពេលបច្ចុប្បន្ន និងនាពេលអនាគត។
លោកបណ្ឌិត សេង សុភាព បានថ្លែងឲ្យដឹងថា «វិស័យព័ត៌មានវិទ្យា ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោក ហើយស្ទើរតែគ្រប់វិស័យទាំងអស់ សុទ្ធតែត្រូវការវិស័យ ICT ដើម្បីឲ្យការងារទាំងអស់ អាចប្រព្រឹត្តិទៅបានដោយប្រសិទ្ធភាព និងមានភាពប្រកួតប្រជែង ក្នុងអាជីវកម្ម ធនាគារ ពាណិជ្ជកម្ម រដ្ឋាភិបាល ការកំសាន្ដ សារព័ត៌មាន សុទ្ធសឹងតែប្រើប្រាស់បច្ចេកវិទ្យា យ៉ាងខ្លាំងក្លាផងដែរ»។
លោកបានបន្ដទៀតថា ក្នុងប្រទេសនីមួយៗ ដើម្បីធានានូវភាពប្រកួតប្រជែង ក្នុងវិស័យសេដ្ឋកិច្ច ទាល់តែមានធនធានមនុស្សខ្លាំង ក្នុងវិស័យព័ត៌មានវិទ្យា ដើម្បីធ្វើយ៉ាងណាជម្រុញសេដ្ឋកិច្ច ឲ្យមានភាពប្រកួតប្រជែង ដែលសម័យនេះហៅថា សេដ្ឋកិច្ច Digital ដែលជាសេដ្ឋកិច្ច ដែលប្រើប្រាស់បច្ចេកទេស ICT ជាគោល។
លោកបានបញ្ជាក់ទៀតថា «តម្រូវការធនធានមនុស្សក្នុងវិស័យ ICT នេះ គឺមានទំហំធំធេងខ្លាំងណាស់ គ្រប់ក្រុមហ៊ុនទាំងអស់ សុទ្ធតែត្រូវការអ្នកជំនាញនេះ មិនថាតែក្រុមហ៊ុន IT ក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនអ៊ីនធឺណេតនោះទេ សូម្បីតែខាងទេសចរណ៍ ខាងសំណង់ កសិកម្ម ក៏ត្រូវការអ្នកជំនាញ ICT ដែរ»។
លោកបន្ថែមទៀតថា ប្រសិនបើសិស្សសិក្សាផ្នែកសំណង់នោះ ធ្វើការបានតែក្រុមហ៊ុនសំណង់នោះទេ បើរៀនធនាគារនោះនិស្សិតធ្វើការបានតែធនាគារប៉ុណ្ណោះ ប៉ុន្ដែប្រសិនបើនិស្សិតជ្រើសរើសជំនាញព័ត៌មានវិទ្យាសម្រាប់សិក្សា នោះនឹងមានឱកាសធ្វើការងារ នៅក្នុងក្រុមហ៊ុនដទៃទៀតបាន ព្រោះថាស្ទើរតែគ្រប់វិស័យទាំងអស់ សុទ្ធសឹងតែត្រូវការ អ្នកជំនាញ ICT ធនាគារក៏ត្រូវការអ្នកជំនាញ ICT ក្រុមហ៊ុនទូរស័ព្ទក៏ត្រូវាការជំនាញ ICT ។
លោកបានបន្ថែមទៀតថា ដោយសារតែកម្ពុជា មានយុវជនច្រើន ដូច្នេះត្រូវតែធ្វើយ៉ាងណាជម្រុញ ឲ្យយុវជនទាំងនោះងាកមកចាប់អារម្មណ៍ វិស័យបច្ចេកវិទ្យា ព្រោះតាមរយៈវិស័យនេះហើយ ដែលអាចពង្រឹងភាពប្រកួតប្រជែង របស់ប្រទេសកម្ពុជា និងជម្រុញសេដ្ឋកិច្ច ឲ្យកាន់តែរីកចំរើនបន្ថែមទៀត ព្រោះថា សេដ្ឋកិច្ចបច្ចុប្បន្នមិនមែនជាសេដ្ឋកិច្ច ដែលប្រើកំលាំងបាយទេ តែជាសេដ្ឋកិច្ចពឹងផ្អែកលើចំណេះដឹង និងបច្ចេកវិទ្យា មានន័យថា កាលណាកម្ពុជាមិនមានអ្នកដែលចេះ វិស័យបច្ចេកវិទ្យាខ្លាំងនោះទេ ក៏មិនអាចជម្រុញសេដ្ឋកិច្ចកម្ពុជាឲ្យខ្លាំងក្លានោះទេ។
លោកបណ្ឌិត សេង សុភាព បន្ថែមទៀតថា ដើម្បីលើកទឹកចិត្តដល់បេក្ខជន ដែលទើបប្រឡងជាប់បាក់ឌុប ឲ្យសិក្សាជំនាញផ្នែក ICT សម្រាប់ឆ្នាំសិក្សា ២០១៧-២០១៨នេះ វិទ្យាស្ថានជាតិ NIPTICT មានផ្ដលជូនជាអាហារូបករណ៍ រយ:ពេល៤ឆ្នាំពេញ ចំនួន៦០កន្លែងផងដែរ សម្រាប់បេក្ខភាពនារី ដែលមានបំណងសិក្សានៅ NIPTICT វិទ្យាស្ថាននឹងមានផ្ដល់ ជូនអាហារូបករណ៍៥០% ដោយស្វ័យប្រវត្តិ រាល់ពេលសិស្សស្រីចុះឈ្មោះចូលរៀន បើទោះបីជាគាត់ពុំបានប្រឡងជាប់អាហារូបករណ៍ក្ដី។ ជាមួយគ្នានេះ សាលាក៏មានជាអន្តេវាសិកដ្ឋាន សម្រាប់ផ្ដល់ឲ្យនិស្សិតដែលមកពីមណ្ដាខេត្តនានាស្នាក់នៅផងដែរ។
សូមជម្រាបថា NIPTICT ជាវិទ្យាស្ថានដែលប ង្កើតឡើងដៅយក្រសួប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានបេសកកម្មដូចជា ការអប់រំ និងបណ្ដុះបណ្ដាល ការស្រាវជ្រាវ និងនវានុវត្តន៍ និង គំនិតច្នៃប្រឌិត និងសហគ្រិនភាព ដោយវិទ្យាស្ថានជាតិ មានផ្ដល់ការអប់រំបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាប័ត្រ លើជំនាញបីដូចជា ទូរគមនាគមន៍ និងបណ្ដាញកុំព្យូទ័រ (Telecoms & Networking) ពាណិជ្ជកម្មអេឡិចត្រូនិច (e-Commerce) និងវិទ្យាសាស្រ្តកុំព្យូទ័រ (Computer Science) ផងដែរ។ វិទ្យាស្ថានជាតិមានដៃគូសហការ ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំៗនាំមុខ ក្នុងប្រទេសកម្ពុជាដូចជា Smart Hauwai Seatel Metfone Cisco ZTE... ។ លើសពីនេះទៅទៀតវិទ្យាស្ថាន ក៏មានជាដៃគូជាមួយនឹង សាកលវិទ្យាល័យនៅក្រៅប្រទេសដូចជា ប្រទេសកូរ៉េ ប្រទេសថៃ និងប្រទេសវៀតណាមជាដើម៕