(កំពង់ឆ្នាំង)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបើកប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើប្រណិតឆ្លងកាត់ខេត្តកំពង់ឆ្នាំង ជាបន្តបន្ទាប់ចំនួន៥គ្រឿង នៅកន្លែងផ្សេងគ្នា លើកំណាត់ផ្លូវជាតិលេខ៥។

មន្រ្តីរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា នៅវេលាម៉ោង៧៖៣០នាទីថ្ងៃទី២៩ ខែកញ្ញានេះ សមត្ថកិច្ចបានស្ទាក់ចាប់រថយន្ត FORTUNER ដឹកឈើប្រណិតមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2H-3268 ត្រង់ចំណុចលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។

ដោយឡែកកាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ សមត្ថកិច្ចក៏បានស្ទាក់ចាប់រថយន្តកមូរីកាត់គូទពណ៌ស ពាក់ស្លាកលេខ ផ.0350 បង្កប់ដឹកឈើប្រណិត ដោយដាក់ផ្លែក្រូចពីលើ ឈើពីក្រោម នៅចំណុចលើផ្លូវជាតិលេខ៥ម្ដុំ ស្ពានសាបអង្កាមព្រំប្រទល់ ស្រុកបរិបូណ៌ និងរលាប្អៀរ។ លុះនៅវេលាម៉ោង១១ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ សមត្ថកិច្ចចាប់បានរថយន្តបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ 2A-0004 ដឹកឈើប្រណិតប្រធ្នុង នៅលើផ្លូវម្ដុំផ្សារពង្រ ស្ថិតនៅក្នុងឃុស្វាយជ្រុំ ស្រុករលាប្អៀរ។

ហើយនៅយប់រំលងអាធ្រាត្រចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងអាវុធហត្ថខេត្តនិងស្រុកសាមគ្គីមានជ័យ បានដេញបង្ក្រាបរថយន្តប្រភេទយីឌុបភ្លៅ៥ មួយគ្រឿង ពរសពាក់ស្លាកលេខ 3A-0251 ដែលលួចដឹកឈើប្រណិតតម្លៃខ្ទង់ម៉ឺនដុល្លារ ចាប់បានស្ថិតនៅលើផ្លូវលំមួយកន្លែងជាប់ផ្លូវជាតិលេខ៥ ក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។

មន្រ្តីអាវុធហត្ថស្រុកសាមគ្គីមានជ័យ បានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះបានធ្វើឡើង នៅវេលាម៉ោង១និង១៥នាទីយប់រំលងអាធ្រាត្រចូលថ្ងៃទី២៩ ខែកញ្ញា នេះ ខណៈរថយន្តកំពុងធ្វើដំណើរតាមផ្លូវជាតិលេខ៥ ហើយបត់ចូលតាមផ្លូវលំមួយបំណងគេចពីសមត្ថកិច្ច ខណៈតាមប្រមាញ់ ចាប់តាំពីវិមានឯករាជក្រុងកំពង់ឆ្នាំង។ ជាមួយគ្នានេះកម្លាំងអាវុធហត្ថក៏បានឃាត់អ្នកបើករថយន្តម្នាក់ផងដែរ។

នៅវេលាម៉ោងទាបភ្លឺនេះផងដែរ រថយន្តសាំយ៉ុងដឹកឈើប្រណិតមួយគ្រឿង ក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៥០១ សហការនគរបាល ប៉ុស្តិ៍ឃុំត្រពាំងចាន់ ស្ទាក់ចាប់បាន ខណៈរថយន្តសាំយ៉ុងពណ៌ទឹកប្រាក់ដឹកឈើប្រណិតខាងលើ នេះដឹកឈើចេញពីខេត្តពោធិ៍សាត់ ដោយឆ្លងកាត់ខេត្តកំពង់ឆ្នាំង ធ្វើដំណើរមកដល់នៅចំណុចភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក៏ត្រូវសមត្ថកិច្ចស្ទាក់ចាប់បានតែម្ដង។

មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា រថយន្តដឹកឈើ ពាក់ស្លាកលេខ.2AB.9441 និងជនសង្ស័យ២នាក់ ដែលត្រូវកម្លាំងស្នាក់ការសន្តិសុខ៥០១ សហការជាមួយនគបាលប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងចាន់ ស្ទាក់ចាប់បាននេះនឹងត្រូវបញ្ជូនអោយជំនាញខណរដ្ឋព្រៃឈើខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៩ ខែកញ្ញានេះ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តតាមនីតិវិធីស្ដីពីច្បាប់ព្រៃឈើ។

បើទោះយ៉ាងណាឈើប្រណិតទាំងអស់មិនទាន់ត្រូវបានគេដឹងថាមានចំនួនប៉ុន្មនោះនៅឡើយទេ៕