(កំពត)៖ ក្រុមហ៊ុន អេសស៊ីជី (SCG) ជាសាជីវកម្មឈានមុខគេមួយ នៅក្នុងតំបន់អាស៊ាន ដែលផ្គត់ផ្គង់សម្ភារៈសំណង់ជាច្រើនប្រភេទ នៅកម្ពុជា ដូចជា ស៊ីម៉ង់ត៍ អេសស៊ីជី ស្មាតបត អេសស៊ីជី ស្មាតវូត អេសស៊ីជី បេតុងលាយស្រេច អេសស៊ីជី ទុយោ អេសស៊ីជី និងស៊ីម៉ង់ ខេ ស៊ីមេន បានបង្ហាញពីការបន្តប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការរួមចំណែកដល់សហគមន៍ ពិសេសសម្រាប់យុវជនកម្ពុជា ដែលនឹងក្លាយជាអនាគត នៃការអភិវឌ្ឍប្រទេស តាមរយៈការរៀបចំ ព្រឹត្តិការណ៍ «Kick & Share by SCG» ដែលជាកម្មវិធីហ្វឹកហាត់កីឡាបាល់ទាត់ សម្រាប់កុមាររាប់រយនាក់ នៅក្នុងខេត្តកំពត។
លោក ប្រារ៉ាម៉េត ភីមផាប៊ូត (Praramate Pimpaboote) ប្រធានរោងចក្រកំពតស៊ីមេន ខូ អិលធីឌី បានឲ្យដឹងថា ការអភិវឌ្ឍធនធានមនុស្សតាមរយៈកីឡា ជាផ្នែកមួយសំខាន់របស់ក្រុមហ៊ុនអេសស៊ីជី ដើម្បីលើកកម្ពស់ ការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងសហគមន៍ឲ្យកាន់តែប្រសើរឡើង។
លោកបន្ដថា៖«តាមរយៈកម្មវិធីហ្វឹកហាត់បាល់ទាត់ Kick & Share by SCG យើងសង្ឃឹមថាកុមារនៅកម្ពុជា នឹងប្រើប្រាស់ពេលទំនេររបស់ពួកគេ ទៅលើសកម្មភាពដែលមានប្រយោជន៍ ដូចជាការលេងកីឡាជាដើម ក្នុងគោលបំណងអភិវឌ្ឍជំនាញទំនាក់ទំនងសង្គម និងជំនាញកីឡារបស់ខ្លួន ជាមួយមិត្តភក្តិ ហើយកុមារមួយចំនួននោះ អាចនឹងក្លាយជាតារាបាល់ទាត់របស់កម្ពុជាទៅថ្ងៃអនាគត។ ជាផ្នែកមួយនៃដំណើរការអាជីវកម្មរបស់យើង កម្មវិធីនេះ ជាគម្រោងមួយ ក្នុងចំណោមគម្រោងទំនួលខុសត្រូវសង្គម ជាច្រើនទៀត (CSR) របស់ក្រុមហ៊ុន ដែលមានគោលបំណងលើកកម្ពស់ជីវិតរស់នៅ របស់ប្រជាជននៅក្នុងសហគមន៍ ដែលក្រុមហ៊ុនយើងមានវត្តមានដែរ» ។
តាមរយៈគំនិតផ្តួចផ្តើមនេះ និងតាមរយៈភាពជាដៃគូជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន ក្រុមហ៊ុន អេស ស៊ី ជី បានផ្តល់វគ្គហ្វឹកហាត់បាល់ទាត់ ដោយមានការចូលរួម ពីគ្រូបង្វឹកកំពូលៗមកពីក្លឹបបាល់ទាត់ ភ្នំពេញក្រោន សម្រាប់កុមារជាង១៦០នាក់ នៅស្រុកបន្ទាយមាស ក្នុងខេត្តកំពត។ ថ្នាក់គ្រប់គ្រង និងបុគ្គលិក របស់ក្រុមហ៊ុន អេសស៊ីជី ក៏បានចូលរួម ដើម្បីសម្រួលការហ្វឹកហាត់ និងបានចែកសម្ភារៈកីឡាដល់កុមារ សម្រាប់ការហ្វឹកហាត់ទៅថ្ងៃក្រោយទៀត ។
លោកគ្រូ ប៉ែន ចាន់ថុន នាយកវិទ្យាល័យទូកមាស ដែលបាននាំសិស្សានុសិស្ស មកចូលរួមក្នុងកម្មវិធីហ្វឹកហាត់ជំនាញបាល់ទាត់ ដោយក្រុមហ៊ុន SCG បានថ្លែងថា ការជួយជ្រោមជ្រែងបែបនេះ នឹងជួយអភិវឌ្ឍវិស័យកីឡានៅកម្ពុជាទៅថ្ងៃអនាគត ។លោកបន្ដថា «ខ្ញុំគិតថា តាមរយៈការចូលរួមជ្រោមជ្រែងរបស់ក្រុមហ៊ុន និងសប្បុរសជន ហើយជាពិសេសការយកចិត្តទុកដាក់របស់ក្រសួង អប់រំ យុវជន និងកីឡា ទៅថ្ងៃអនាគត យើងនឹងមានកីឡាករល្អៗសម្រាប់ប្រទេសកម្ពុជាយើង»។
កម្មវិធីហ្វឹកហាត់បាល់ទាត់ «Kick & Share by SCG» នៅកម្ពុជា គឺបានផ្តួចផ្តើមដំបូង កាលពីឆ្នាំ២០១៦ នៅពេលកំពូលក្លឹបកីឡាបាល់ទាត់ថៃ SCG Muangthong United បានមកប្រកួតកីឡាបាល់ទាត់មិត្តភាព ជាមួយក្រុមតារាបាល់ទាត់ All Star កម្ពុជា នៅទីក្រុងភ្នំពេញ និងបានចំណាយពេលវេលាដ៏មមាញឹករបស់ពួកគេ ជួយបង្វឹកកុមារកម្ពុជា។ ចាប់ពីពេលនោះមក កម្មវិធី «Kick & Share by SCG» ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់។ ក្នុងខែសីហា នាឆ្នាំនេះ ក្រុមហ៊ុន អេសស៊ីជី ក៏បានរៀបចំកម្មវិធីហ្វឹកហាត់បាល់ទាត់បែបនេះ និងបានបរិច្ចាកសម្ភារៈកីឡា ដល់កុមារជាង១០០នាក់ នៅឯខេត្តស្វាយរៀងថែមទៀតផង៕