(ឧត្តរមានជ័យ)៖ ឆមាសទី១ ឆ្នាំ២០១៧នេះ មានអ្នកជំងឺចំនួន ៨៤,៦១៥នាក់ បានទៅសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទាំងអស់ក្នុងខេត្តឧត្តរមានជ័យ។ នេះបើតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តឧត្ដរមានជ័យ ដែលបានលើកឡើងដោយលោក ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្ត។
នៅក្នុងកិច្ចប្រជុំគណៈកម្មការដឹកនាំហិរញ្ញប្រទានសេវាសុខាភិបាល ខេត្តឧត្ដរមានជ័យ ប្រចាំឆមាសទី១ ឆ្នាំ២០១៧ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក លៀម សុដា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការដឹកនាំហិរញ្ញប្រទានសុខាភិបាល ខេត្តឧត្ដរមានជ័យផងនោះ លោកប្រធានមន្ទីរ ឃ្លោក ហួត បានឲ្យដឹងថា ចំនួននេះមានការកើនឡើង បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំកន្លងទៅ។
លោកបានបន្តថា ចំពោះប្រជាពលរដ្ឋក្រីក្រ ត្រូវបានលើកលែងការបង់ថ្លៃសេវាតាមមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យបង្អែកទាំងអស់ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជាក់ស្ដែងក្នុងករណីអ្នកជំងឺសម្រាកព្យាបាលសរុប ៥,៦១២នាក់ មានការសម្រាកព្យាបាលរបស់ប្រជាពលរដ្ឋក្រីក្រ គាំទ្រដោយកម្មវិធីមូលនិធិសមធម៌របស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍមានចំនួន ២,៥១១នាក់ និងទទួលការលើកលែងការបង់ថ្លៃសេវា តាមគោនយោបាយរបស់រាជរដ្ឋាភិបាលបានចំនួន ៦៥៣នាក់។
ការសម្រាលកូនបានចំនួន ២,៧៣៧នាក់ ក្នុងនោះស្ត្រីក្រីក្រគាំទ្រដោយកម្មវិធីមូលនិធិសមធម៌ដែលផ្តល់មូលនិធិ ដោយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍមានចំនួន ៤៧៣នាក់ និងទទួលបានការលើកលែងការបង់ថ្លៃសេវា ចំនួន២២៦នាក់។
លោក លៀម សុដា បានធ្វើការកោតសសើរចំពោះមន្ត្រីសុខាភិបាល និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋ កន្លងមក។
លោកលើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាបច្ចុប្បន្នកំពុងមានការរីកចម្រើនគ្រប់វិស័យ សុខមាលភាពប្រជាជនត្រូវបានយកចិត្តទុក ដាក់តាមរយៈការសាងសង់មន្ទីរពេទ្យ មណ្ឌលសុខភាពគ្រប់ទីកន្លែង សំដៅបង្ខិតសេវាសុខភាពសាធារណៈឲ្យកាន់តែខិតជិតប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ លោកក៏បានជំរុញឲ្យមន្ត្រីសុខាភិបាលត្រូវអនុវត្តហិរញ្ញប្រទាន ប្រកបដោយតម្លាភាព ការទទួលខុសត្រូវ និងជាពិសេសត្រូវគោរពវិជ្ជាជីវៈក្រមសីលធម៌ខ្ជាប់ខ្ជួន គិតពីសុខភាព និងអាយុជីវិតអ្នកជំងឺជាបឋម ដើម្បីចៀសវាងនូវការពាក្យពេចន៍រិះគន់ពីអ្នកជំងឺ និងសាធារណៈជន។
គួរបញ្ជាក់ថា បើតាមការអះអាងរបស់លោកវេជ្ជបណ្ឌិត ឃ្លោក ហួត នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យរដ្ឋ មន្ទីរពេទ្យបង្អែកទូទាំងខេត្តឧត្តរមានជ័យ រយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ មានចំនួន៨៤,៦១៥ករណី ជំងឺធ្ងន់ស្រាល ជំងឺសង្គ្រោះបន្ទាន់ ដោយការប្រើប្រាស់ដោយសេវា ប្រជាពលរដ្ឋក្រីក្រគាំទ្រដោយកម្មវិធីមូលនិធិសមធម៌ ដែលផ្តល់មូលនិធិដោយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នៅទូទាំងខេត្តឧត្តរមានជ័យ៕