(កោះកុង)៖ ក្រោមការបញ្ជាពីឧត្តមសេនីត្រីយ៍ទោ សំ ឃិតវៀន ស្នងការនគរបាលខេត្តកោះកុង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ លោក មីន រស្មី ស្នងការរងនគរបាលទទួលផែនប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្ត បានដឹកនាំកម្លាំងចុះប្រតិបតិ្តការបង្ក្រាបករណីជួញដូរប្រើប្រាស់គ្រឿងញៀន១កន្លែង ស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

លោក មីន រស្មី បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកោះកុងថា ការចុះបង្ក្រាបករណីជួញដូរប្រើប្រាស់ និងរក្សាទុកសារធាតុញៀនខាងលើនេះ កម្លាំងសមត្ថកិច្ចបានរកឃើញថ្នាំញៀនចំនួនម៉្សៅក្រាមពណ៌សថ្លាប្រភេទ(ICE) ចំនួន២៧កញ្ចប់តូច រួមនឹងសម្ភារជក់មួយចំនួនទៀត ព្រមទាំងកាតសម្គាល់ខ្លួនអ្នកកាសែត១ផងដែរ។

ចំណែកឯកជនសង្ស័យទាំង៤នាក់មានឈ្មោះ៖ ១-ឈ្មោះ លឹម សារឿន អាយុ៤៩ឆ្នាំ មុខរបរជាអ្នកជាអ្នកកាសែត ២-ឈ្មោះឃុន សាមឿន អាយុ៥៤ឆ្នាំ ត្រូជាប្រពន្ធ មានទីលំនៅភូមិ២សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ៣-ឈ្មោះ លឹម រដ្ឋា ភេទប្រុស អាយុ២៨ឆ្នាំ មានមុខរបរជាងសំណង់។ ៤-ឈ្មោះ គង់ ប៊ុនធឿន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរធ្វើចំការមានទីលំនៅឃុំឬស្សីជ្រុំ ស្រុកថ្មបាំង។ ការឃាត់ខ្លួននេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនកូនប្រុសអ្នកកាសែត២នាក់ ជាអនីតិជន ធ្វើតេស៍ទឹកនោមឃើញថា មានផ្ទុកសារធាតុញៀតផងដែរ។

លោកមីន រស្មី បានបញ្ជាក់ថា ដើម្បីសុវត្តិភាពប្រជាពលរដ្ឋ សមត្ថកិច្ចមិនគិតពីការនឿយហត់ឡើយ ធ្វើយ៉ាងឲ្យតែប្រជាពលរដ្ឋមានសុវត្ថិភាពល្អ គ្រប់មូលដ្ឋានឲ្យតែសមត្ថកិច្ចទទួលបានព័ត៌មានលោកទៅចុះអន្តរាគមន៍ភ្លាមៗ ដោយមិនអែរអង់ឡើយ។ ចំពោះជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចកំពុងកសាង សំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕