(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ នៅតែបន្តដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ចំពោះអាជ្ញាធរសង្កាត់ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធក្នុងខណ្ឌទាំងអស់ ដាច់ខាតត្រូវយកចិត្តទុកដាក់ ក្នុងការផ្លាស់ប្ដូរ និងផ្ដល់ការចុះបញ្ជីសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ឫអត្តសញ្ញាណផ្សេងៗ ជូនប្រជាពលរដ្ឋ ដល់លំនៅដ្ឋានអចិន្ត្រៃយ៍ឲ្យបានគ្រប់ក្រុមគ្រួសារ ដើម្បីមានភាពងាយស្រួលប្រើប្រាស់ និងគ្រប់គ្រង ពិសេសអាចឈានទៅចូលរួមបោះឆ្នោតបានគ្រប់ៗគ្នា នៅពេលខាងមុខ ក្នុងឆ្នាំ២០១៨។

ការលើកឡើងបែបនេះ ក្រោយអភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី បញ្ចប់ភារកិច្ចសួរសុខទុក្ខ សំណេះសំណាល និងបើកយុទ្ធនាការចុះបញ្ជីសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរ និងលិខិតបញ្ជាក់រាល់អត្តសញ្ញាណផ្សេងៗជាដើម ហើយនិងឆ្លៀតឱកាសនាំយកសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ដែលបំពេញបែបបទរួចរាល់ជាស្ថាពរ ចំនួនប្រមាណជាង៦០ប័ណ្ណ ដើម្បីទៅធ្វើការចែកជូនប្រជាពលរដ្ឋ ដល់លំនៅដ្ឋានអចិន្ត្រៃយ៍ចំនួន៦១គ្រួសារ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្នុងបុរីប៉េងហួត ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ដោយមានការរួមដំណើរពីអធិការ-អធិការរង មន្ត្រីនគរបាលប៉ុស្ដិ៍ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

ក្នុងយុទ្ធនាការផ្លាស់ប្ដូរ និងផ្ដល់ការចុះបញ្ជីសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឫអត្តសញ្ញាណផ្សេងៗ រហូតឈានទៅដល់ធ្វើការចែកជូនប្រជាពលរដ្ឋ ដល់លំនៅដ្ឋានអចិន្ត្រៃយ៍ ខាងលើនេះ លោក ជា ពិសី បានថ្លែងថា ជាទិសដៅនៅតែបន្តជម្រុញបន្ថែមទៀត ចំពោះអាជ្ញាសង្កាត់ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខណ្ឌទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងការបើកយុទ្ធនាការផ្លាស់ប្ដូរ និងផ្ដល់ការចុះបញ្ជីសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរ ឫលិខិតបញ្ជាក់អត្តសញ្ញាណផ្សេងៗ ជូនប្រជាពលរដ្ឋ ដល់លំនៅដ្ឋានអចិន្ត្រ័យ៍ ឲ្យអស់នូវទូទាំង៧សង្កាត់ ក្នុងខណ្ឌឫស្សីកែវ ដើម្បីឲ្យប្រជាពលរដ្ឋ មានភាពងាយស្រួលក្នុងការប្រើប្រាស់ និងងាយស្រួលគ្រប់គ្រង ពិសេសអាចឈានទៅចូលរួមបោះឆ្នោតបានគ្រប់ៗគ្នា នៅពេលខាងមុខ ក្នុងឆ្នាំ២០១៨។

បន្ទាប់ពីបញ្ចប់ភារកិច្ចចែកសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋដល់លំនៅដ្ឋានចំនួន៦១គ្រួសារ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ជា ពិសី បានឆ្លៀតឱកាសដឹកនាំលោកអភិបាលរងខណ្ឌ លីន ញ៉ក់ និងមន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដើម្បីចូលរួមក្នុងពិធីទទួលយកនូវទេយ្យវត្ថុ ពីព្រះតេជគុណ សុវណ្ណធម្មថេរោ ច័ន្ទ សុភាព គង់នៅវត្តទួលសន្តិវ័ន ដោយមានការចូលរួមចំណែកពីសប្បុរសជនមួយចំនួនទៀត ដូចជា អង្ករ៥បាវ មី៣០កេស ទឹកត្រី៥០យួរ ទឹកស៊ីអ៊ីវ៥០យួរ ទឹកសុទ្ធ៥០យួរ ទឹកក្រូច៥កេស និងបច្ច័យ៤,០០០,០០០រៀល ដើម្បីរក្សាទុកចែកជូនប្រជាពលរដ្ឋក្រីក្រ «ពោលចែកជូនចំពោះជនងាយរងគ្រោះក្នុងមូលដ្ឋាន»៕