(ភ្នំពេញ)៖ ក្រុមម៉ូតូធំកម្ពុជា BMW Motorcycle Club Singapore តាមរយៈក្រុមម៉ូតូធំ នៃក្លឹប BMW Motorcycle Cambodia បាននាំយកអំណោយ ជាថវិកាប្រមាណជាង២ម៉ឺនដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យ «នគរទេព» ដែលជាមន្ទីរពេទ្យដំបូងគេរបស់កម្ពុជា ទទួលព្យាបាលចំពោះតែស្រ្តីចាប់តាំងពីវ័យកុមារ រហូតដល់ចាស់ជរា ដែលមានបញ្ហាជំងឺរោគស្រ្តី និងមហារីករបស់ស្រ្តី នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧។

លោក អ៊ុ ប៊ុនរ៉េត តំណាងក្លឹបម៉ូតូធំ BMW Motorcycle Cambodia បានឲ្យដឹងថា ក្រុមម៉ូតូធំរបស់កម្ពុជា គឺជាក្រុមម៉ូតូធំដែលបានចុះបញ្ជីសហព័ន្ធយានយន្តកម្ពុជា នឹងមានការទទួលស្គាល់ពី BMW Club Motorcycle International ហើយក្រុមនេះ មិនមែនគ្រាន់តែក្រុមម៉ូតូដែលជិះសម្រាប់ការកម្សាន្តសប្បាយប៉ុណ្ណោះទេ ប៉ុន្តែក្រុមម៉ូតូធំ ក៏បានផ្សារភ្ជាប់ទៅនឹងកម្មវិធីសប្បុរធម៌ផ្សេងៗផងដែរ។

លោក អ៊ុ ប៊ុនរ៉េត បានបន្ថែមទៀតថា ជាក់ស្តែង កាលពីពេលកន្លងមក ក្រុមលោកបានរ៉ៃអង្គាស៍ថវិកាជួយដល់អង្គការមួយនៅក្នុងក្រុងកំពង់ចាម។ ជាពិសេស ម្តងនេះទៀត ដោយមានការផ្តួចផ្តើមពី លោក Pinaki Ray សមាជិកនៃក្លឹបម៉ូតូធំ នៃប្រទេសសិង្ហបុរី ដែលបានពាំនាំយកថវិកា មកជួយដល់ស្រ្តីកម្ពុជា ដូច្នេះក្រុមម៉ូតូធំរបស់កម្ពុជា ក៏បានរ៉ៃអង្គាសនៅក្នុងក្រុម បានចំនួនជិត២ពាន់ដុល្លារផងដែរ។

តំណាងក្លឹបម៉ូតូធំ BMW Motorcycle Cambodiaរូបនេះ បានបញ្ជាក់ថា ដោយសារតែការផ្តល់ដំណឹងរបស់ក្រុមម៉ូតូធំ នៃប្រទេសសិង្ហបុរី មានរយៈពេលតិចថ្ងៃពេក ធ្វើឲ្យក្រុមរបស់លោកមិនមានពេលច្រើន សម្រាប់រ៉ៃអង្គាស៍ ដូច្នេះទឹកប្រាក់បន្តិចបន្តូចនៅពេលនេះ គឺជាសណ្តានចិត្តរបស់សមាជិកនៃក្រុមម៉ូតូធំកម្ពុជា BMW Motorcycle Cambodia ប៉ុណ្ណោះ។
លោក សង្ឃឹមថា នឹងមានឱកាសក្រោយៗទៀត សម្រាប់ធ្វើកម្មវិធីសប្បុរសធម៌ជួយដល់សង្គមបន្តទៀត។

សូមជម្រាបថា ទាក់ទងជាមួយនឹងការផ្តល់ជូនថវិកាដល់មន្ទីរពេទ្យ «នគរទេព»ខាងលើនេះ គឺជាគោលបំណងធំមួយរបស់ លោក Pinaki Ray សមាជិកនៃក្លឹបម៉ូតូធំ នៃប្រទេសសិង្ហបុរី គ្រាដែលលោក ចង់តមស្នងនឹងការអាណិតស្រលាញ់ដល់ស្រ្តី ជាពិសេសគឺការលើកស្ទួយដល់ស្រ្តី ដែលជាមាតាទាំងឡាយ ដែលមានកាត្វកិច្ចជួយជ្រោជ្រែងគ្រួសារ ដោយមិនបានគិតគូ
ដល់សុខភាពរបស់ខ្លួនគ្រាដែលមានជំងឺរោគស្រ្តីបែបនេះ៕