(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ បានជូនដំណឹងដល់ ប្រជាពលរដ្ឋចំណាកស្រុកទាំងអស់ អាចមកស្នើសុំចម្លង សំបុត្រអត្រានុកូលដ្ឋានគ្រប់ប្រភេទបាន នៅនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដែលមានអាសយដ្ឋាននៅផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ទល់មុខបុរី ប៉េង ហួត បឹងស្នោរ) ជាវៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

យោងតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឲ្យដឹងថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា មានប្រជាពលរដ្ឋមួយចំនួន ជាពិសេសសិស្ស និស្សិត អាជីករ កម្មករ និងកម្មការីនី ដែលបានធ្វើចំណាកស្រុកពីតាមបណ្ដាលខេត្តនានា មកសិក្សា និងប្រកបមុខរបរប្រចាំថ្ងៃនៅរាធានីភ្នំពេញហើយ ត្រូវការស្នើ
សុំសេចក្ដីចម្លងសំបុត្រអត្រានុកូលដ្ឋាន គ្រប់ប្រភេទសម្រាប់​យកទៅប្រើប្រាស់ តម្រូវឲ្យពួកគាត់ត្រឡប់ទៅសុំសេចក្ដីចម្លងពីសាលាក្រុង ស្រុក នៃលំនៅឋាន ដែលគាត់បានចុះបញ្ជីកន្លងមក ដែលធ្វើឲ្យមានការលំបាក នឹងត្រូវចំណាយទាំងពេលវេលា និងសោហ៊ុយធ្វើដំណើរ។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា ដើម្បីបង្កលក្ខណៈងាយស្រួល ការស្នើសុំសេចក្ដីចម្លងសំបុត្រអត្រានុកូលដ្ឋាន គ្រប់ប្រភេទសម្រាប់យក ទៅប្រើប្រាស់ សាមីខ្លួន ឫអាណាព្យាបាល ឫញាតិជានីតិជន ដែលរស់នៅក្នុងផ្ទះជាមួយ អាចមកស្នើសុំចម្លង សំបុត្រអត្រានុកូលដ្ឋានគ្រប់ប្រភេទ នៅនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋាន
អត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដែលមានអាសយដ្ឋាននៅផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ទល់មុខបុរី ប៉េង ហួត បឹងស្នោរ) ជាវៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ៖