(ភ្នំពេញ)៖ ថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៉ីម៉ាក់ បានបញ្ជាក់ថា មន្ត្រីជំនាញរបស់ស៉ីម៉ាក់ និងអាជ្ញាធរអាវុធមីគី នៃក្រសួងការពារជាតិ នឹងបើកប្រតិបត្តិការ ដោះគ្រាប់បែកគីមី២គ្រាប់ របស់អាមេរិក ដែលបន្សល់ទុកនៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង នៅដើមមសប្តាហ៍ក្រោយនេះ។
លោក ហេង រតនា បានបញ្ជាក់ថា នៅថ្ងៃសៅរ៍ និងអាទិត្យចុងសប្តាហ៍នេះ អាជ្ញាធរគីមី និងស៉ីម៉ាក់ នឹងចាប់ផ្តើមបញ្ជូនឧបករណ៍ប្រើប្រាស់ សម្រាប់ប្រតិបត្តិការដោះគ្រាប់គីមីរបស់អាមេរិកនេះ ទៅកាន់ទីតាំងគ្រាប់បែក ដើម្បីបើកប្រតិបត្តិការ នៅដើមសប្តាហ៍ក្រោយ ចំពេលដែលសិស្សានុសិស្សឈប់សម្រាកវិសមកាល។
អគ្គនាយករូបនេះបានអះអាងថា «កិច្ចប្រតិបតិ្តការ អាចនឹងចាប់ផ្តើម នៅដើមសប្តាហ៍ក្រោយនេះ។ សូមអំពាវនាវប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ស្ថិតនៅតំបន់ប្រតិបតិ្តការនេះ សូមមេត្តាស្តាប់តាមការណែនាំ របស់មន្ត្រីអាជ្ញាធរគីមី និងមន្ត្រីស៉ីម៉ាក់ ដែលនឹងបើកប្រតិបតិ្តការបោសសំអាត គ្រាប់បែកទាំង២គ្រាប់នោះ។ អាជ្ញាធរគីមី និងស៉ីម៉ាក់ នឹងចាប់ផ្តើមបញ្ជូនឧបករណ៍បំរើប្រតិបតិ្តការ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនៅក្នុងសប្តាហ៍នេះ»។
បើតាមការបញ្ជាក់របស់លោក ហេង រតនា ការបើកប្រតិបត្តិការដោះគ្រាប់បែកគីមី២គ្រាប់នេះ នឹងត្រូវជម្លៀសប្រជាពលរដ្ឋនៅជុំវិញតំបន់ប្រតិបត្តិការ តាមការកំណតចំងាយសុវត្ថិភាពផងដែរ។
លោកបញ្ជាក់ថា «តាមលក្ខណៈបច្ចេកទេសគ្រាប់បែកទាំងនេះ មិនអាចធ្វើការកំទេចចោល នៅនឹងកន្លែងបានទេ ហើយតាមគោលការណ៍សុវត្ថិភាព ក្នុងប្រតិបតិ្តការចាំបាច់ត្រូវតែជន្លៀស មនុស្សតាមការកំណត់ចំងាយសុវតិ្ថភាព។ ហានិភ័យខ្ពស់ ចំងាយសុវត្ថិភាពកាន់តែឆ្ងាយ។ កំលាំងជំនាញនឹងខិតខំអស់សមត្ថភាព ក្នុងការដោះបន្សាប តែការបង្កាគ្រោះថ្នាក់ ដោយសារបច្ច័យអាក្រក់បំផុតណាមួយ កើតឡើងត្រូវតែមានវិធានការជាមុន»។
សូមជម្រាបថា នៅថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅទីតាំងភូមិគគីរ ឃុំគគីរ ស្រុករមាសហែក នៃខេត្តស្វាយរៀង មន្ត្រីជំនាញ និងថ្នាក់ដឹកនាំនៃអាជ្ញាធរគីមី អង្គភាពស៉ីម៉ាក់ និងអាជ្ញាធរមូលដ្ឋាន បានសិក្សាផែនការលំអិត ក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងជាពិសេសគិតគូរធានាសុវត្ថិភាព ប្រជាពលរដ្ឋក្នុងពេលប្រតិបតិ្តការ ដោះបន្សាបគ្រាប់បែកគីមី និងវេចខ្ចប់គ្រាប់បែកនោះ ដើម្បីដឹកជញ្ជូនទៅទីកន្លែងសុវត្ថិភាព៕