(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នេះ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្ដម អ៊ុ ម៉ាន្នូរីន សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវជាបងប្រុសសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ។

នៅក្នុងសាររំលែកទុក្ខរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុក្ខ មរណភាពរបស់ ឯកឧត្ដម អ៊ុ ម៉ាន្នូរីន ថាជាការបាត់បង់ឧត្ដមស្វាមី បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់ នូវកុលបុត្រកម្ពុជាដ៏ឆ្នើមមួយរូប ដែលធ្លាប់មានស្នាដៃ និងគុណបំណាច់ដ៏ធំធេងក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ ។

ជាមួយនឹងការចូលរួមរុំលែកទុក្ខដ៏ក្រៀមក្រំនេះ សារលិខិតរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានគូសបញ្ជាក់បន្ថែមទៀតថា ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកនូវមរណទុក្ខដោយក្ដីស្រណោះ និងការអាឡោះអាល័យជាមួយ លោកជំទាវ បុត្រា បុត្រី ចៅប្រុស ចៅស្រី ព្រមទាំងក្រុមគ្រួសារទាំងអស់ ដោយសេចក្ដីសង្វេកជាទីបំផុត ។ ខ្ញុំ និងសហការី សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្ដម អ៊ុ ម៉ាន្នូរីន បានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕