(ភ្នំពេញ)៖ ការងារប្រមាណ២ម៉ឺនកន្លែង នឹងផ្តល់ជូន និងបង្ហាញនៅក្នុងពិព័រណ៌ការងារ និងផលិតភាពជាតិចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ដែលមានការងារគ្រប់ប្រភេទ គ្រប់មុខតំណែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារ ធ្វើទូទៅផ្តល់ដោយក្រុមហ៊ុនធំៗ ជាង១២០។

ព្រឹត្តិការណ៍ការងារថ្នាក់ជាតិដ៏ធំ ប្រចាំឆ្នាំមួយនេះរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសហការជាមួយ សហភាពសហព័ន្ធ យុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC)។

ក្រៅពីផ្តល់ឱកាសទទួលបានការងារភ្លាមៗនៅមួយកន្លែង ដោយងាយស្រួល «ពិព័រណ៍ការងារ និងផលិតភាពជាតិ» នេះអាចឲ្យ និយោជកផ្សព្វផ្សាយពីផែនការ តម្រូវការ និងគោលនយោបាយ ក្នុងការជ្រើសរើសកម្លាំងពលកម្មនាពេលបច្ចុប្បន្ន និងអនាគតដើម្បី ទាក់ទាញអ្នកស្វែងរកការងារ ធ្វើដែលមានសមត្ថភាព។ លើសពីនេះ អ្នកចូលរួមអាចទទួលបានព័ត៌មានអំពីវគ្គបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលទីផ្សារ ការងារកំពុងត្រូវការនាពេលបច្ចុប្បន្ន និងការចែករំលែកបទពិសោធន៍ ជោគជ័យក្នុងអាជីព និងការងារពីសំណាក់វាគ្មិនល្បីៗ។

ពិព័រណ៍ឆ្នាំនេះ នឹងមានការបង្ហាញអំពីវិធី និងការបណ្តុះស្មារតីក្នុងការបង្កើនផលិតភាពការងារសម្រាប់បុគ្គលិក កម្មករ និយោជិត និងសាធារណៈ ជនទូទៅ ជាពិសេសក្នុងចំណោសមាគម រោងចក្រកាត់ដេរកម្ពុជា(GMAC) ដើម្បីបង្កើនប្រសិទ្ធភាពការងារ ភាពប្រកួតប្រជែង ចំណេញពេលវេលា និងកាត់បន្ថយចំណាយរបស់ក្រុមហ៊ុន/ស្ថាប័ន ដែលខ្លួនកំពុងធ្វើការតាមរយៈការបង្ហាញពីជំនាញ បច្ចេកទេស និងគ្រឿងម៉ាស៊ីនតាមបែបការ បង្កើតថ្មីដែលជួយ ជំរុញផលិតភាពការងារ។

ក្នុងឱកាសនោះផងដែរ នឹងមានការបង្ហាញវត្តមានកម្មករនិយោជិតឆ្នើម ដែលមានសមត្ថភាព និងស្នាដៃការងារល្អដែលត្រូវបាន ជ្រើសរើសសម្រាំង ចេញពីការប្រកួតប្រជែងក្នុងចំណោមរោងចក្រ សហគ្រាសជាច្រើន ដើម្បីមកទទួលរង្វាន់និងលិខិតសរសើរពី ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងដៃគូសហការ។ ពិព័រណ៍ការងារ និងផលិតភាពជាតិនេះ គឺជាផ្នែកមួយនៃយន្តការ វេទិកាការងាររបស់រាជរដ្ឋាភិបាលដូចបានចែងក្នុង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដើម្បីលើកកម្ពស់វិស័យការងារ និងព័ត៌មានទីផ្សារការងារ ដែលរំពឹងថានឹងមានអ្នកចូលរួមជាង៣ម៉ឺននាក់។

នៅក្នុងពិព័រណ៍នេះ និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងអ្នកស្វែងរកការងារអាចចែករំលែក និងផ្លាស់ប្តូរព័ត៌មានទីផ្សារការងារ វគ្គអប់រំបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ លើកកម្ពស់ការយល់ដឹង និងបណ្តុះគំនិតអំពីការបង្កើនផលិតភាពការងារនៅកម្ពុជា។ ដើម្បីទទួលបានឱកាសការងារកាន់តែងាយស្រួល ស្វែងយល់ពីការអភិវឌ្ឍជំនាញ អាជីព និងការបង្កើនផលិតភាពការងារ សូមយុវជន សិស្ស/និស្សិត អ្នកស្វែងរក ការងារ កម្មករនិយោជិត និងសាធារណជនអញ្ជើញចូលរួមកុំបីខាន។ ម៉្យាងទៀត ក្រុមហ៊ុនសហគ្រាស អង្គការជាតិ និងអន្តរជាតិ ស្ថាប័នរដ្ឋ ដែលមានបំណងចូលរួមតាំងបញ្ជរក្នុងពិព័ណ៌ការងារ និងផលិតភាពជាតិឆ្នាំ២០១៧នេះ។

អាចទាក់ទងតាមលេខទូរស័ព្ទ០១៧ ៨៧១ ៨០៧ ឬ០៦៩ ៥៨០ ៩៣៩ ឬមកកាន់ទីភ្នាក់ងារជាតិមុខរបរដោយផ្ទាល់ដែលមាន ទីតាំងស្ថិតនៅ ក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕