(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ​ នឹងជំងឺអេដស៍បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលបានប្តេជ្ញា ធ្វើឲ្យសម្រេចនូវគោលដៅ​ ៩៥-៩៥-៩៥ ដើម្បីបញ្ចប់ការចម្លងមេរោគអេដស៍ នៅឆ្នាំ២០២៥ ហើយការធានាឲ្យមាន កម្មវិធីសំណាញ់សុវត្ថិភាពសង្គម (Social Safety ​Net Program) និងជាពិសេសការពង្រឹង​ ប្រព័ន្ធគាំពារសង្គម ជាបន្ទុកមួយដែលរាជរដ្ឋាភិបាលត្រូវរៀបចំ នូវ​គោលនយោបាយយូរអង្វែង ដើម្បីលើកស្ទួយជីវភាពជនក្រីក្រ ដែលមានរួមបញ្ចូលគ្រួសារ ដែលទទួលរងផលប៉ះពាល់ នៃជំងឺអេដស៍​។

ការថ្លែងបែបនេះ របស់លោក អៀង មូលី ត្រូវបានធ្វើឡើងក្នុង​ពិធីបិទសិក្ខាសាលាស្ដីពី «ការពិគ្រោះយោបល់ស្តីពីការបញ្ចូល​គ្រួសាររងផល ប៉ះពាល់ដោយសារមេរោគអេដស៍ ​និងជនងាយរងគ្រោះ ​ក្នុងដំណើរការ​កំណត់អត្តសញ្ញាណ គ្រួសារក្រីក្រ» ដែលបានរៀបចំឡើង នាល្ងាចថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅឯសណ្ឋាគារកាំបូឌីយ៉ាណា។ ក្នុងនោះក៏មានការអញ្ជើញ​ចូលរួមពីសំណាក់ លោកស្រី វ្លាដាំងកា អាន់ដ្រីវ៉ា ប្រធានអង្គការយូអិនអេដស៍ (UNAIDS) ប្រចាំកម្ពុជា, ប្រធានលេខាធិការដ្ឋានអេដស៍ និងជាប្រធានកម្មវិធីអេដស៍ និងកាមរោគ រាជធានីភ្នំពេញ និងខេត្តទាំង២៥, អ្នកតំណាងដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល និង ​អ្នកតំណាងប្រជាជនប្រឈម​មុខខ្ពស់ និងអ្នកផ្ទុកមេរោគអេដស៍ ជាច្រើននាក់។

លោកទេសរដ្ឋមន្រ្តី អៀង មូលី បានបន្តឲ្យដឹងទៀតថា ដើម្បីលើកកម្ពស់ការយល់ដឹង របស់អង្គសិក្ខាសាលាទាំងមូល និងជាពិសេសពង្រឹងភាពជាម្ចាស់ ក្នុងការឆ្លើយតបនឹងជំងឺអេដស៍ នៅ​ថ្នាក់ក្រោមជាតិ ក្នុងពិធីបិទសិក្ខាសាលានេះ លោកសូមលើកឡើងនូវការខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការរួមចំណែកកាត់​បន្ថយផលប៉ះពាល់ នៃជំងឺអេដស៍ដែលបាន និងកំពុងអនុវត្តនាពេលកន្លងមក ក៏ដូចជាក្នុងពេលបច្ចុប្បន្ន។ ក្នុងនោះ រាជរដ្ឋាភិបាលបានប្តេជ្ញា ធ្វើឲ្យសម្រេចនូវគោលដៅ ៩៥-៩៥-៩៥ ដើម្បីបញ្ចប់ការចម្លងមេរោគអេដស៍ នៅឆ្នាំ២០២៥។
 

ក្នុងការធានាឲ្យមានប្រព័ន្ធ​គាំពារ សង្គមយូរអង្វែង ដល់គ្រួសារដែលទទួលរង ផលប៉ះពាល់នៃជំងឺ អេដស៍កន្លងមក រាជរដ្ឋាភិបាលបានខិតខំលើក គោលនយោបាយមួយចំនួន ដូចខាងក្រោមនេះ៖

* មុំទីបួន​ នៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល ដែលស្តីពីការកសាងសមត្ថភាព និងអភិវឌ្ឍធនធានមនុស្ស បានបញ្ជាក់ពីការរៀបចំ និងពង្រឹងរចនាសម្ព័ន្ធ គាំពារសង្គម (Development of Social Protection System) ជាចំណុចបើកផ្លូវឲ្យមានការជួយគាំទ្រ​ដល់គ្រួសារក្រីក្រ ដែលមានទាំងគ្រួសារដែលទទួល​ រងផលប៉ះពាល់ ពីជំងឺអេដស៍ផងដែរ។

* «យុទ្ធសាស្ត្រជាតិគាំពារសង្គម សម្រាប់ជនក្រីក្រ និងងាយរងគ្រោះឆ្នាំ២០១១-២០១៥» បានចាត់គ្រួសារដែលទទួលរងផលប៉ះពាល់ នៃជំងឺអេដស៍មួយចំនួនថា ជាក្រុមងាយរងគ្រោះដោយមានការ បញ្ចូលកម្មវិធី និងសេវាកម្មទាំងអស់ នៅក្នុងក្របខ័ណ្ឌការពារសង្គមមួយ ដែលនឹងជួយសម្របសម្រួលការវិភាគ និងការប្រមូលធនធាន។

* គោលនយោបាយ ដែលបានបញ្ជាក់នៅក្នុងយុទ្ធសាស្ត្រ ក្រសួងសុខាភិបាល សម្រាប់ឆ្នាំ២០១៦-២០២០ មានគោលបំណងធ្វើឲ្យប្រសើរឡើង នូវសុខុមាលភាពរបស់ប្រជាជន និងបង្កើនការការពារ និងកាត់បន្ថយ​ហានិភ័យហិរញ្ញវត្ថុ «ដោយផ្តោតលើប្រព័ន្ធសុខភាពទាំងមូល (ផ្នែកសាធារណៈនិងផ្នែកឯកជន) និង​លើប្រជាជនទាំងអស់»។ យុទ្ធសាស្ត្រសុខាភិបាលនេះ ត្រូវបានរៀបចំឡើង ក្នុងដំណើរឆ្ពោះទៅកាន់ការផ្តល់សេវាសុខភាពជា​​សកល (Universal Health Coverage) និងការប្រកាន់យកនូវគោលការណ៍ គោរពសិទ្ធិទទួលបានសេវា ថែទាំសុខភាព ប្រកបដោយសមធម៌សម្រាប់ ប្រជាពលរដ្ឋទាំងអស់ជាគុណតម្លៃ។

*​ នៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៧ មានអ្នកជំងឺអេដស៍ចំនួន១៧៥០០នាក់ បានចុះឈ្មោះក្នុងប្រព័ន្ធ កំណត់ត្រាអ្នកជំងឺ (Patient Management and Registration System) ក្នុងមន្ទីរពេទ្យ៤១ដែលទទួលបានកញ្ចប់គាំទ្រ មូលនិធិសមធម៌។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានរួមចំណែក៥០% នៃថវិកាមូលនិធិសមធម៌ សម្រាប់អ្នកជំងឺទូទៅ ក៏ដូចជាអ្នកជំងឺអេដស៍ ផងដែរ។

លោកទេសរដ្ឋមន្រ្តី បានថ្លែងសង្កត់ធ្ងន់ថា ក្នុងស្មារតីរួមចំណែកទទួលខុសត្រូវ និងពង្រឹងភាពជាម្ចាស់នេះ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ ដែលបានឯកភាពឲ្យបញ្ចូលអ្នកផ្ទុក មេរោគអេដស៍ ចូលក្នុងដំណើរការនៃការរៀបចំ អត្តសញ្ញាណ​គ្រួសារក្រីក្រ ចាប់ពីឆ្នាំ២០១៦មក។ តាំងពីពេលនោះមក មន្ត្រីនៃអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍បានសហការយ៉ាងជិតស្និទ្ធ ជាមួយមន្រ្តីនៃក្រសួងផែនការ ព្រមទាំងអង្គការក្រៅរដ្ឋាភិបាល ដែលបម្រើការងារអេដស៍ នៅតាមបណ្តាខេត្ត​ទាំងអស់ ដែល​ស្ថិតក្នុងគោលដៅរួម​នៃ​ការងារអេដស៍ និងបានកំណត់អត្តសញ្ញាណ​គ្រួសារក្រីក្រ របស់អាជ្ញាធរជាតិប្រយុទ្ធ​នឹងជំងឺអេដស៍ និងក្រសួងផែនការ៕