(ភ្នំពេញ)៖ សំណង់របងមួយកន្លែង បានសាងសង់រំលោភយកដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ដល់ទៅជិត២ម៉ែត្រដែលមានលោក អ៊ុយ គាត ជាម្ចាស់ដី ត្រូវបានតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ចុះទៅរុះរើចោល ដោយមិនទទួលខុសត្រូវលើការខូចខាត ឫបាត់បង់ទ្រព្យសម្បត្តិឡើយ។
ការប្រើវិធានការក្ដៅ ចុះរុះរើសំណង់របងរំលោភយកដីរដ្ឋមួយកន្លែងខាងលើនេះ ក្រោយពីអាជ្ញាធរចេញសេចក្ដីជូនដំណឹងចំនួន៣ដងមកហើយ ជាពិសេសអាជ្ញាធរបានទទួលយកសំណូមពរ ដើម្បីស្ថាបនាផ្លូវ១ខ្សែរនេះ ទៅជាផ្លូវបេតុងឲ្យឆាប់រួចរាល់ជាស្ថាពរ ជូនប្រជាពលរដ្ឋមានភាពងាយស្រួល ធ្វើដំណើរចេញចូលលំនៅដ្ឋាន ចំនួន៩គ្រួសារ ជាម្ចាស់បណ្ដឹងដោយអនុវត្តតាមប្លង់គោលរបស់សាលារាជធានីភ្នំពេញ។
ប្រតិបត្តិការក្ដៅរបស់គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ក្នុងការចេញសេចក្ដីជូនដំណឹងជាបន្តបន្ទាប់ចំនួន៣ដងមកហើយនោះ ដើម្បីហាមឃាត់ទប់ស្កាត់ចំពោះម្ចាស់ដី លោក អ៊ុយ គាត ចាំបាច់ត្រូវតែរុះរើសំណង់របងចេញដោយខ្លួនឯង ដែលបានសាងសង់រំលោភយកដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ដល់ទៅជិត២ម៉ែត្រ រហូតឈានដល់បង្កើតគណៈកម្មការចម្រុះចុះរុះរើចោល ដោយមិនទទួលខុសត្រូវលើការខូចខាត ឫបាត់បង់ទ្រព្យសម្បត្តិឡើយ។
ប្រតិបត្តិការក្ដៅនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅត្រង់ចំណុចផ្លូវលំ ស្ថិតក្នុងក្រុមទី១១ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ដោយមានការដឹកនាំផ្ទាល់ពីលោកក្រឡាបញ្ជី តំណាងលោក ងិន ពេជ្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, អភិបាលរងខណ្ឌលោក ស៊ូ សោគន្ធ នាយករដ្ឋបាលខណ្ឌ, លោក សន សោភ័ណ្ឌ នាយករងរដ្ឋបាលខណ្ឌ, លោក ស៊ូ សារ៉ាត់ ប្រធានការិយាល័យអន្តរវិស័យខណ្ឌ, លោក ស្មាស រិទ្ធី អនុប្រធានការិយាល័យអន្តរវិស័យខណ្ឌុំ, លោក លឹម សាមឌី ប្រធានការិយាល័យភូមិបាលខណ្ឌ រួមនិងអធិការរងនគរបាលខណ្ឌ មេបញ្ជាការរងអាវុធហត្ថខណ្ឌ ចៅសង្កាត់រងគីឡូម៉ែត្រលេខ៦ និងមេភូមិស្ពានខ្ពស់ផងដែរ។
បើតាមលោក លឹម សាមឌី អនុប្រធានការិយាល័យអន្តរវិស័យខណ្ឌ តំណាងប្រធានការិយាល័យលោក ស្មាស រិទ្ធី បានបញ្ជាក់ថា ដើម្បីអនុវត្តទៅតាមលិខិតបង្គាប់ការ និងយោងលិខិតលេខ១៥២៨ ស.ជ.ណ ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ របស់សាលាខណ្ឌឫស្សីកែវ ក្រោមការបញ្ជាពីលោកអភិបាលខណ្ឌ ជា ពិសី បានទទួលយកពាក្យបណ្ដឹង ក៏ដូចជាទទួលយកសំណូមពររបស់ប្រជាពលរដ្ឋពាក់ព័ន្ធចំនួន៩គ្រួសារ ដែលមានផលលំបាកធ្វើដំណើរចេញចូលលំនៅដ្ឋាន។
លោក លឹម សាមឌី បន្ដថា ក្នុងដំណើរការគម្រោងស្ថាបនាផ្លូវបេតុង ឲ្យឆាប់រួចរាល់ជាស្ថាពរក្នុងពេលឆាប់ៗ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា តបតាមប្លង់គោលរបស់សាលារាជធានីភ្នំពេញ ក្រោយពីអាជ្ញាធរបានចេញសេចក្ដីជូនដំណឹងចំនួន៣ដងរួចមកហើយ ដើម្បីឲ្យរុះរើ ដោយខ្លួនឯង តែម្ចាស់សំណង់លោក អ៊ុយ គាត នៅតែបំពានហើយមិនព្រមអនុវត្តទៅតាមសេចក្ដីណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចឡើយ ទើបឈានដល់ការចុះរុះរើសំណង់របងចោល ដោយមិនទទួលខុសត្រូវលើការខូចខាត ឫបាត់បង់ទ្រព្យសម្បត្តិ៕