(ភ្នំពេញ)៖ បន្ទាប់ពីមានសិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សំណូមពរតាមរយៈការ Comment នៅលើកគេហទំព័រ Facebook របស់សម្តេចអំពីលក្ខខណ្ឌ ប្រឡងចូលសិក្សាតាម គ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល តម្រូវឲ្យសិស្សទទួលបាននិទ្ទេសពី A ដល់ C សម្រាប់អ្នកជាប់បាក់ឌុបមុនឆ្នាំ២០១៤ ទើបប្រឡងចូលបាននោះ បានបង្កឲ្យមានសិស្សមួយចំនួន ដែលស្រឡាញ់ជំនាញសុខាភិបាល មិនអាចប្រឡងនោះ ទើបសម្តេចតេជោ ហ៊ុន​ សែន សម្រេចថា ការប្រឡងចូលរៀនក្នុងវិស័យសុខាភិបាល គឺអនុញ្ញាតឲ្យចូលប្រឡងទាំងអស់ ឲ្យតែជាប់បាក់ឌុប។

យុវជនម្នាក់ដែលមានឈ្មោះ Vouth Vatey បាន Comment ក្នុង Facebook សម្តេចតេជោ ហ៊ុន សែន ថា រូបគេតំណាងឲ្យសិស្សប្រឡជាប់បាក់ឌុបមុខនឆ្នាំ២០១៤ ដែលចង់សិក្សាជំនាញសុខាភិបាល សំណូមពរសម្តេច ជួយសម្រួលឲ្យសិស្ស និស្សិតដែលបានបញ្ចប់មធ្យមសិក្សាទុតិយភូមិមុនឆ្នាំ២០១៤ ដោយទទួលបានត្រឹមនិទ្ទេស D, E អាច ចុះឈ្មោះប្រឡងប្រជែងថ្នាក់ជាតិ ចូលរៀនថ្នាក់ឧត្តមសិក្សា ក្នុងវិស័យសុខាភិបាល នាឆ្នាំ២០១៧-២០១៨ ខាមុខនេះផងចុះ ព្រោះតាមលក្ខខណ្ឌអ្នកជាប់បាក់ឌុបមុនឆ្នាំ២០១៤ ត្រូវតែមាននិទ្ទេសចាប់ពី A ដល់ C មិនដូចអ្នកទើបជាប់ឌុបក្រោយឆ្នាំ២០១៤ឡើយ គឺគ្រប់ទិន្ទេសទាំងអស់អាចប្រឡងចូលរៀនបាន។

ឆ្លើយតបសំណូមពរនេះ សម្តេចតេជោបាន Comment វិញថា «សុំពិនិត្យសំណូមពរនេះផង។ យោបល់ខ្ញុំមិនចាំបាច់កំណត់និទេ្ទសទេ គឺអនុញ្ញាតឲ្យចូលប្រឡងទាំងអស់ឲ្យ តែប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ»

ក្រោយផ្តល់យ៉ាងដូច្នេះ គណៈកម្មាធិការប្រឡថ្នាក់ជាតិ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការកែសម្រួលលក្ខខណ្ឌ នៃការប្រឡងថ្នាក់ជាតិជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាល វិស័យសុខាភិបាល​ ដោយបញ្ជាក់ថា ការប្រឡងចូលសិក្សា អនុញ្ញាតឲ្យអ្នកប្រឡងជាប់បាក់ឌុប គ្រប់ឆ្នាំសិក្សា​ទាំងអស់ និងអ្នកជាប់បាក់ឌុបមកពីក្រៅប្រទេស អាចចុះឈ្មោះចូលប្រឡងបាន៕