(ភ្នំពេញ)៖ ធនាគារកាណាឌីយ៉ា ក.អ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្ដីពី ការប្រើប្រាស់សេវាកម្ម បង់ភាគទាន និងការទូទាត់តាវកាលិក (របបឧបត្ថម្ភសម្រាប់កម្មករ-កម្មការិនី) ជាមួយបេឡាជាតិរបបសន្ដិសុខសង្គម ដែលហៅកាត់ថា ប.ស.ស។

លោក គ័រ ប៊ុនឡេង អគ្គនាយកប្រតិបត្តិ នៃធនាគារកាណាឌីយ៉ា ក.អ បានឲ្យដឹងថា ការចូលរួមសហការជាមួយនឹង ប.ស.ស នៅក្នុងការបម្រើជូន នូវសេវាកម្មបង់ភាគទាន និងការទូទាត់ តាវកាលិកនេះ។ លោកបានលើកឡើងថា គឺដោយសារតែ ធនាគារកាណាឌីយ៉ាចង់បង្កើននៃភាពងាយស្រួល ជូនដល់សាធារណជន។

លោក អ៊ុក សមវិទ្យា នាយក ប.ស.ស បានថ្លែងថា «ថ្ងៃនេះ បេឡាជាតិរបបសន្ដិសុខសង្គម មានការរីករាយ ចំពោះកិច្ចសហការចូលរួម រវាងធនាគារកាណាឌីយ៉ា ជាមួយនឹងអង្គភាព ប.ស.ស.ស ដែលជាអង្គភាពរបស់រដ្ឋ»

លោក អ៊ុក សមវិទ្យា បានឲ្យដឹងថា ប.ស.ស បានចាប់ផ្ដើមដំណើរការនៅឆ្នាំ២០០៨ ដោយគិតរហូតមកដល់ពេលនេះ នៅសល់តែ១ខែទៀតប៉ុណ្ណោះ គម្រោងខួប៩ឆ្នាំ នៃការបង្កើនប.ស.ស.នេះ។ បច្ចុប្បន្ន ប.ស.ស មានសមាជិក ដែលជាកម្មករនិយោជិត នៅតាមបណ្ដាលសហគ្រាសឯកជនចំនួន១លាន ២សែននាក់។

លោកបានបន្ថែមទៀតថា «យើងសង្ឃឹមថា នៅក្នុងរយៈពេលដ៏ខ្លីខាងមុខ ប.ស.ស អាចនឹងកើន សមាជិករហូតដល់ជាង៣លាននាក់។ ដោយយើង នឹងចាប់ផ្ដើមចុះបញ្ជី ចាប់ពីសហគ្រាសដែលមានប្រើប្រាស់ កម្មករនិយោជិត ចាប់ពីម្នាក់ឡើងទៅ»

លោក អ៊ុក សមវិទ្យា បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប.ស.ស កំពុងតែអនុវត្ដនូវប្រព័ន្ធពីររួមមាន៖ ហានិភ័យការងារ (គ្រោះថ្នាក់ការងារ) និងផ្នែកថែទាំសុខភាព។ ដោយឡែកផ្នែកថែទាំសុខភាព ប.ស.ស កំពុងតែអនុវត្តបានជិត១ពាន់នាក់ ហើយនិងមានអ្នកចូលរួមជិត១លាននាក់ផងដែរ៕