(ស្ទឹងត្រែង)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលខេត្តស្ទឹងត្រែង បានបង្ក្រាបក្រុមចោរលួចម៉ូតូ២នាក់ នៅល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
លោកវរសេនីយឯក ហោ វុទ្ធី នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែកញ្ញានេះថា ជនសង្ស័យទី១៖ឈ្មោះ ពៅ ពិសានហៅ (អាវិត) អាយុ២៣ឆ្នាំ និងជនសង្ស័យទី២៖ឈ្មោះ ធី សុវណ្ណរិទ្ធ ហៅ (ពង់ស) អាយុ២៣ឆ្នាំ ពួកគេទាំង២ជាមុខសញ្ញាចាស់ធ្លាប់គុកម្ដងរួចមកហើយ និងមានដីការតាមខ្លួនផងដែរ។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២ ត្រូវបានកម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅចាត់ការបន្ដតាមច្បាប់។
ជាមួយគ្នានេះ លោកវរសេនីយឯក ហោ វុទ្ធី ក៏បានសូមអំពាវនាវដល់ អាជីវករទាំងអស់ដែលទទួលទិញម៉ូតូ មេត្តាជួយសហការដល់កម្លាំងសមត្ថកិច្ច ដើម្បីងាយស្រួលកំណត់សញ្ញាចោរលួចម៉ូតូ៕